(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេងរស់នៅតាមបណ្ដោយអតីតផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានសំណូមពរលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ចុះបង្ក្រាបល្បែងស៉ីសងស្ទើរគ្រប់ប្រភេទក្នុងទឹកដីរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ដោយសារគេសង្កេតឃើញថា អាជ្ញាធរហាក់គ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយ។
សំណូមពររប ស់ពលរដ្ឋក្នុងមូលដ្ឋាននេះ បន្ទាប់ពីពួកគាត់កន្លងមកមិនដែលធ្លាប់ឃើញសកម្មភាពរបស់អាជ្ញាធរ ចុះបង្ក្រាបល្បែងស៉ីសង ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពនោះទេ។ ផ្ទុយទៅវិញ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីចៅសង្កាត់ បានដឹកនាំកូនចៅ ចុះដកហូតយកទូរហ្គេមបាញ់ត្រី១គ្រឿង ទាំងប្រញាប់ប្រញាល់ មករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដោយគ្មានសហការជាមួយកម្លាំងសមត្ថកិច្ចឡើយ ស្ថិតនៅតាមបណ្ដោយអតីតផ្លូវរថភ្លើងមួយកន្លែង ក្នុងក្រុមទី៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
បងប្អូនប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះរស់នៅតាមបណ្ដោយអតីតផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ បានលើកឡើងថា «ទីតាំងល្បែងហ្គេមបាញ់ត្រី និងទីតាំងល្បែងស៉ីសង មានជាច្រើនកន្លែងទៀត ក្នុងទឹកដីសង្កាត់ទួលសង្កែទី១ ពោលគឺរីកដូចផ្សិត សំខាន់ឲ្យតែចៅសង្កាត់ ពិតជាចង់បង្ក្រាបប្រាកដមែន ខ្ញុំនឹងនាំទៅចង្អុលបង្ហាញជូនស្ងាត់ៗ»។
យ៉ាងណាក៏ដោយ ជុំវិញការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់សុំការបកស្រាយបំភ្លឺនៅឡើយទេពីលោកស្រី រាជ ផាវឿន។
សូមជម្រាបថា កាលដើមឆ្នាំ២០២០ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានត្រៀមអញ្ជើញលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ មកសាកសួរ ពាក់ព័ន្ធរឿងប្រើឥរិយាបទមិនសមរម្យ ជាអ្នកដឹកនាំ ទៅលើប្រជាពលរដ្ឋ ដែលមកស្នើសុំបញ្ជាក់ឯកសារ (សេវាសាធារណៈ) ផ្សេងៗ៕