(សៀមរាប)៖ ព្រះមហាវិមលធម្មសិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត និងបានបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងនាំគ្នាដាំដើមព្នៅឡើងវិញ ព្រោះរុក្ខជាតិនេះមានប្រយោជន៍ច្រើនណាស់ គ្រាន់តែយើងមិនសូវបានដឹង។
ព្រះអង្គមានសង្ឃដីកាថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
មានសង្ឃដីកាទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងពិធីដាំដើមព្នៅចំនួន ៨៤ដើម នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ព្រះមហាវិមលធម្ម ពិន សែម បានឱ្យដឹងថា ដើមព្នៅ ក៏ដូចជាការចំណាយពេលវេលារបស់ព្រះអង្គច្រើនឆ្នាំ ក្នុងការស្វែងរកពូជព្នៅដែលល្អសម្រាប់បណ្ដុះ និងដាំឡើងវិញក្នុងតំបន់អង្គរនៅពេលនេះ។ ពូជដែលយកមកដាំនៅពេលនេះ គឺនាំយកពីឃុំរើលនៃស្រុកពួក ខេត្តសៀមរាប ពូជមួយទៀតនាំយកពីស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ និង ២ប្រភេទទៀត យកពីខេត្តបាត់ដំបង ដែលសុទ្ធសឹងជាពូជដែលគ្មានជ័រ និងមានឱជារសឆ្ងាញ់។
គោលបំណងសំខាន់ដែលព្រះមហាវិមលធម្ម ពិន សែម ស្វះស្វែងរកពូជព្នៅមកដាំនៅពេលនេះ ព្រោះព្រះអង្គយល់ពីតម្លៃដ៏មហាសាលរបស់វា ដែលព្រះអង្គរៀបរាប់ថា តាមក្បួនតម្រាបុរាណបាននិយាយថា ព្នៅ អាចប្រើជាឱសថសម្រាប់ព្យាបាលរោគ ជាថ្នាំចម្រើនអាយុ ជួយសរីរាង្គកាយមនុស្សបានច្រើន ជួយឱ្យមានកម្លាំង សាច់សម្បុរស្អាតជាដើម។
ដើមព្នៅក៏ជារុក្ខជាតិដែលត្រូវបានលើកតម្កើងក្នុងសាសនាព្រាហ្មណ៍ ដោយគេតែងនិយាយថា ជារុក្ខជាតិរបស់ព្រះសិវៈ (ព្រះឥសូរ) ព្រោះស្លឹករបស់វាក្នុងមួយទងមាន៣សន្លឹក គឺដូចជាលំពែងត្រីសូល៍របស់ព្រះសិវៈ ម្យ៉ាងទៀតវាក៏ដូចភ្នែកព្រះឥសូរយ៉ាងដូច្នោះដែរ។
ព្នៅ គឺជារុក្ខជាតិដែលប្រើក្នុងព្រះរាជពិធីរបស់ព្រះមហាក្សត្រផងដែរ ដូចជា គេប្រើស្លឹករបស់វាក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិ និងព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រជាដើម។
ដោយយល់ពីតម្លៃនៃរុក្ខជាតិព្នៅដ៏លើសលុបយ៉ាងដូច្នេះហើយ ទើបព្រះមហាវិមលធម្ម ពិន សែម បានផ្តួចផ្តើមគំនិតបំផុសឱ្យមានការដាំឡើងវិញនៅតំបន់អង្គរ និងអាចទាក់ទាញភ្ញៀវទេសចរបានផងដែរ ព្រោះផ្ការបស់វាជះក្លិនក្រអូបរយៈពេលពេញមួយខែ។
លើសពីនេះ ព្រះអង្គក៏ចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចាប់ផ្តើមដាំរុក្ខជាតិណាដែលមានតម្លៃឡើងវិញ ដូចជា ព្នៅ ស្ដៅ ក្រសាំង និងអំពិលជាដើម ដែលព្រះអង្គយល់ថា វាបានបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តែពលរដ្ឋបែរជាមិនយល់ពីតម្លៃរបស់វា និងមិននាំគ្នាដាំឡើងវិញ។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរារីករាយសហការ និងផ្តល់ទីតាំងសម្រាប់ដាំដើមព្នៅនេះ។ អាជ្ញាធរជាតិអប្សរាបានត្រៀមដីមួយកន្លែងនៅខាងជើងក្រុងអង្គរធំ សម្រាប់ធ្វើជាចម្ការព្នៅ និងដាំពូជព្នៅចម្រុះសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ ក៏ដូចជាទុកសម្រាប់ប្រជាពលរដ្ឋខ្មែរស្គាល់ដើមព្នៅនេះផង។
លោកបន្ថែមទៀតថា ក្នុងរមណីយដ្ឋានអង្គរគឺដើមឈើរហូត ១៨៣ប្រភេទ ហើយគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ថែរក្សាតំបន់នេះនៅតែសម្បូរធនធានធម្មជាតិចម្រុះបែបជារហូតតទៅ៕