(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំប្រជុំផ្ទៃក្នុងមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំរបស់ក្រសួង។
កិច្ចប្រជុំបានធ្វើការវិភាគ វាយតម្លៃសភាពការណ៍តំបន់ និងអន្តរជាតិដែលគ្របដណ្តប់ដោយផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺរាតត្បាតកូវីដ-១៩ មកលើវិស័យសុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងប្រកបដោយគ្រោះថ្នាក់ ដែលបង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចធំៗ។ ផ្តើមចេញពីស្ថានការណ៍នេះ អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងកំណត់ចេញនូវបន្ទាត់នយោបាយ វិធី និងមធ្យោបាយដែលត្រូវចាត់ទុកថាប្រសើរបំផុត ដើម្បីបន្តការពារផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនយើង ពោលគឺការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងបង្កលក្ខណៈអនុគ្រោះ ដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាព។
កិច្ចប្រជុំក៏បានត្រួតពិនិត្យឡើងវិញនូវសមិទ្ធផលទាំងឡាយ ដែលសម្រេចបានក្នុងការអនុវត្តការងារធំៗទាំង៥របស់ក្រសួង ដោយផ្ដោតការយកចិត្តទុកដាក់ ជាពិសេសលើការងារកែទំរង់ផ្ទៃក្នុង រស់រវើក និងស៉ីជំរៅ។ ក្នុងន័យនេះ អង្គប្រជុំបានគូសរំលេចអំពីការប្រឈម និងកាលានុវត្តភាព បណ្តាសម្ពាធទាំងក្នុង និងក្រៅ មកលើការងារប្រចាំថ្ងៃ និងពិភាក្សារិះរកដំណោះស្រាយនានាឆ្លើយតប និងការប្រឈមទាំងនោះ ដើម្បីកែសម្រួលបណ្ដាការងារ និងអាទិភាពឲ្យស្របនឹងការវិវត្តន៍បត់បែននៃសភាពការណ៍ បន្តលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារ។
សមាជិកព្រឹទ្ធសភា រដ្ឋសភា និងតំណាងស្ថាប័នដែលមានផលប្រយោជន៍ពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងឋានៈជាភ្ញៀវកិត្តិយសផងដែរ៕