(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នាំម៉ូតូចំនួន៣៣គ្រឿង អាភ្លៀងចំនួន២៥២អាវ និងថវិកាមួយចំនួន របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនដល់អធិការដ្ឋាននគរបាលស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល។
អំណោរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលនាំទៅប្រគល់ជូនដល់មន្ត្រីនគរបាលស្រុកទាំង ២រួមមាន៖ អធិការដ្ឋាននគរបាលស្រុកកោះធំ នូវម៉ូតូចំនួន១៧គ្រឿង, អាវភ្លៀង១០៦នាក់ និងថវិកាមួយចំនួន, ស្រុកស្អាង ម៉ូតូ១៦គ្រឿង, អាវភ្លៀងចំនួន១៤៦អាវ និងថវិកាមួយចំនួនផងដែរ។
នាឱកាសនោះលោកឧត្តមសេនីយ៍ ឈឿន សុចិត្ត បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទូទាំងស្រុកកោះធំទាំង ១០៦នាក់ ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឱ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ធ្វើយ៉ាងណាការពារឱ្យបានល្អ មិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាតក្នុងមូលដ្ឋាន ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយដែលពលរដ្ឋមកសុំឱ្យជួយ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ក៏បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ នេត សាវឿន ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកទាំងពីរ ដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីពលរដ្ឋ ក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៏ជំរុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកកោះធំ និងស្រុកស្អាងទាំងអស់ ត្រូវដាក់ចិត្តដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ក៏បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជំងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់ និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះ គឺត្រូវតែប្រយ័ត្នជានិច្ច៕