(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ International Finance Corporation: IFC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយ IFC មានឆន្ទៈជួយកម្ពុជា លើការកាត់បន្ថយថ្លៃផលិតថាមពល ដើម្បីជាប្រយោជន៍ដល់កម្ពុជា និងពង្រីកការផ្គត់ផ្គង់អគ្គិសនីផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ គឺក្នុងគោលបំណងណែនាំខ្លួន និងបង្ហាញការផ្តល់ការគាំទ្ររបស់ IFC លើវិស័យថាមពល នៅកម្ពុជា ដែលរូបលោកផ្ទាល់មានបទពិសោធន៍ជាង២០ឆ្នាំ លើវិស័យថាមពលនេះជាដើម។
លោក ស៊ុយ សែម បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ IFC មកលើកម្ពុជា និងរីករាយក្នុងការសហការការងាររវាងក្រសួង IFC និង អគ្គិសនីកម្ពជា EDC ក្នុងការរួមចំណែកកាត់បន្ថយថ្លៃអគ្គិសនី ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕