(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ផ្លូវ ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលសង់លំនៅឋាន ឬសំណង់ផ្សេងៗ លយចូលទៅក្នុងចំណីផ្លូវទាំង៣៨ខ្សែនោះ គឺត្រូវប្រញាប់ រុះរើចេញទាំងអស់ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការសាងសង់ផ្លូវ ៣៨ខ្សែ នៅសាលាខេត្តសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «ត្រូវតែអនុវត្ត ត្រូវតែរើចេញ ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យក្រុមការងារដែលធ្វើផ្លូវខាងមុខនេះ អាហ្នឹង គឺជាបញ្ហាបន្ទាន់មួយសំខាន់បំផុត […] ប្រជាពលរដ្ឋពួកគាត់មានកាតព្វកិច្ចតែមួយមុខ គឺរួមជាមួយគណៈកម្មការ និងក្រុមធ្វើផ្លូវហ្នឹងត្រូវតែរើ ចេញដោយគ្មានលក្ខខណ្ឌអីទាំងអស់អាហ្នឹង គឺអត់មានសំណងអីទាំងអស់ ព្រោះគាត់មកនៅ គឺរំលោភ (យកផ្លូវ) ស្រេចទៅហើយ...!»។
ពាក់ព័ន្ធនឹងករណីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបនឹងជូនដំណឹងជាក់លាក់ ដល់ប្រជាពលរដ្ឋអំពីការសាងសង់ផ្លូវ ៣៨ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប និងអំពីការស្នើឱ្យរុះរើចេញរាល់សំណង់ ដែលស្ថិតលើចំណីផ្លូវទាំង៣៨ខ្សែនេះ។
បើតាមសម្តេចពិជ័យសេនា, ការសាងសង់ផ្លូវទាំង ៣៨ខ្សែ គឺដើម្បីបង្កភាពងាយស្រួលដល់ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងខេត្តសៀមរាប ដែលជាតំបន់ប៉ូលមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះដែរ សម្តេចបានមើលឃើញថាក្រោយចប់វិបត្តិកូវីដ-១៩ ទីក្រុងសៀមរាបនឹងទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
ទន្ទឹមនឹងនេះ សម្តេច ទៀ បាញ់ ដែលជាអ្នករាប់រងទទួលភារកិច្ចជាប្រធានសាងសង់ផ្លូវទាំង ៣៨ខ្សែ ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់ឱ្យហើយ ដើម្បីទទួលទេសចរមកទស្សនា ក្នុងខេត្តសៀមរាបនេះ»។
សម្តេចពិជ័យ បានបញ្ជាក់ថា ក្រុមការងារនឹងប្រឹងប្រែងសាងសង់ផ្លូវទាំង ៣៨ខ្សែឱ្យបានលឿនបំផុតដោយតាមគម្រោង គឺត្រូវឱ្យរួចរាល់ទាំងស្រុងនៅត្រឹមឆ្នាំ២០២១ ដោយបង្ហាញក្តីរំពឹងថា៖ «និយាយឱ្យមែនទែនក្នុងរង្វល់មួយឆ្នាំហ្នឹង គឺខេត្តសៀមរាបនឹងចេញមុខមាត់ថ្មី តាមតម្រូវការដែលយើងបានរៀបចំជាក់ជាមិនខាន»។
រដ្ឋាភិបាលបានបញ្ចេញថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវ ៣៨ខ្សែនេះ។ ខណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ខ្សែ ដោយមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅធ្វើជាអធិបតី។
ដើម្បីងាយស្រួលដល់ដំណើរការសាងសង់ផ្លូវទាំង ៣៨ខ្សែ រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយដោយមាន សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាអនុប្រធាន, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួង សាធារណការ ជាអនុប្រធាន អចិន្ត្រៃយ៍ និងមានសមាជិក ១៥នាក់ទៀត ចំណែកលោក ទៀ សីហា អភិបាលខេត្តរៀមរាប ជាសមាជិកនៃគណៈកម្មការនេះដែរ
ក្នុងគោលដៅលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុង សៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាព ជាមួយវប្បធម៌ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាពមានជាអាទិ៍៖ ប្រព័ន្ធលូទឹកកខ្វក់, លូទឹកភ្លៀង, ចិញ្ចើមផ្លូវ, ផ្លូវថ្មើរជើង, ផ្លូវសម្រាប់ជនមានពិការភាព, ផ្លូវជិះកង់, ចំណតរថយន្ត, ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ, ផ្លាកសញ្ញា និងគំនូសចរាចរណ៍ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងកាធ្វើសួន និងដាំដើមឈើ។
បន្ថែមពីនេះ គណៈកម្មការអន្តរក្រសួងក៏អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាបទាំងអស់ ចូលរួមសហការប្រកបដោយការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស អង្គភាព និងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សា និងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅក្រុងសៀមរាប/ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានផ្លែផ្កាតាមការរំពឹងទុក៕