(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ អបអរសាទរដល់ទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។
ស.ស.ស.ក បានលើកឡើងថា ស្ថិតក្នុងបរិបទដែលពិភពលោក កំពុងរងការយាយីរាតត្បាតដោយជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២០នេះ ទិវាអន្តរជាតិស្តីពី សិទ្ធិទទួលព័ត៌មាន ប្រារព្ធឡើងក្រោមពាក្យស្លោក «សិទ្ធិទទួលព័ត៌មាន៖ សង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងបង្កើតនូវក្តីសង្ឃឹម»។ ក្នុងន័យនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាស្មារតីដូចតទៅ៖
ស.ស.ស.ក សូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធដែលបានខិតខំរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងវិធានការបង្ការ ទប់ស្កាត់ និងព្យាបាលការឆ្លងជំងឺកូវីដ-១៩ រហូតបានជាសះស្បើយទាំងស្រុង ហើយដោយមិនមានប្រជាជនណាម្នាក់នៅក្នុងប្រទេសកម្ពុជា បាត់បង់អាយុជីវិតដោយសារជំងឺនេះឡើយ។ លទ្ធផលជាក់ស្តែងនេះ គឺជាសក្ខីភាពបង្ហាញពី «សមត្ថភាពជាតិយើងក្នុងការជម្នះការលំបាក» ហើយបានកសាង នូវជំនឿចិត្តនិងក្តីសង្ឃឹម ចំពោះអនាគតដ៏ប្រសើររួមគ្នាតទៅមុខទៀត។
ស.ស.ស.ក សូមយកឱកាសនេះដែរ សម្តែងការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងព័ត៌មាន នៃរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលគ្រោងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ យើងមានក្តីសង្ឃឹមថា ច្បាប់នេះនឹងក្លាយ ជាមធ្យោបាយបន្ថែមរួមចំណែកពង្រឹងពង្រីកនូវឥរិយាបទ ផ្នត់គំនិត និងវប្បធម៌ «ប្រជាធិបតេយ្យចូលរួម» ពីសំណាក់ប្រជាពលរដ្ឋ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងសកម្មភាពអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ស.ស.ស.ក យល់ឃើញថា ការកសាងជំនឿចិត្តសង្គម គឺត្រូវតែឈរលើមូលដ្ឋាននៃសកម្មភាពជាក់ស្តែង លទ្ធផលជាក់ស្តែង ដោយស្មារតីចូលរួម ការជួយបំពេញឲ្យគ្នា ការគោរព និងការយល់យោគ។ គេមិនគួរគប្បីបណ្តុះជំនឿដែលផ្អែកលើពាក្យចចាមអារ៉ាម ការសន្យាភូតភរ ព័ត៌មានប្រឌិត ការបំភ្លៃ ការអុជអាល និងមនោគមន៍វិជ្ជាញុះញុង ដែលបង្កើតការភ័ន្តច្រឡំ ហើយឈានទៅធ្វើសកម្មភាពដោយងងឹតងងល់ បង្កចលាចល បំផ្លាញសង្គមជាតិ និងនាំគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។ បរិបទនៃប្រទេសកម្ពុជា «កត្តាសន្តិភាព» បានបង្កបរិយាកាសដ៏មានតម្លៃសម្រាប់ការកសាងគុណភាពជីវិត និងបានធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។ បច្ចុប្បន្នកម្ពុជាក៏បានចូលរួមយ៉ាងសកម្មជាមួយពិភពលោក ប្រកបដោយមោទនភាព ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ វប្បធម៌ សិល្បៈ កីឡា មនុស្សធម៌ និងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ស.ស.ស.ក សូមទាញការចាប់អារម្មណ៍ថា ទិវា «សិទ្ធិទទួលព័ត៌មាន» ក៏រំលឹកយើងជាប្រចាំថា យើងអាចប្រើប្រាស់សិទ្ធិនេះ ដើម្បីស្វែងយល់ព័ត៌មានគ្រប់ទិដ្ឋភាព មិនត្រឹមតែអំពីវឌ្ឍនភាពនៃប្រទេសជាតិរបស់យើងប៉ុណ្ណោះទេ គឺយើងក៏ត្រូវតាមដានជាប្រចាំ អំពីសភាពការណ៍វិវត្តន៍ប្រែប្រួលឥតឈប់ឈរនៃបញ្ហាតំបន់និងពិភពលោកផងដែរ។ ខណៈដែលមាតុភូមិកម្ពុជាយើងកំពុងរីករាយជាមួយសុខសន្តិភាព ឥឡូវនេះ មហាអំណាចកំពុងប្រជែងគ្នាយកប្រៀបខាង ភូមិសាស្ត្រនយោបាយ យោធា និងសេដ្ឋកិច្ច ដែលតោងតែយកចិត្តទុកដាក់តាមដានជាប្រចាំ។ ប្រវត្តិសាស្ត្របង្ហាញថា ក្នុងបរិបទនៃការរះឡើងនៃមហាអំណាចថ្មី និងការធ្លាក់ចុះឥទ្ធិពលនៃមហាអំណាចមួយ គឺបង្កើតបញ្ហាប្រឈមចាក់ស្រេះ និងពិបាកប៉ាន់ស្មាន។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមានការប្តេជ្ញាចិត្តជាមួយបន្ទាត់នយោបាយដ៏ត្រឹមត្រូវក្នុង «ការបន្តកសាងមិត្តគ្រប់ទិសទីក្រោមស្មារតីឯករាជ្យ» អធិបតេយ្យ ដោយគោរពគ្នាទៅវិញទៅមក ស្មើភាពនិងស្មើសិទ្ធិ ហើយផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
ស.ស.ស.ក ក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ឲ្យបន្តប្រើប្រាស់សិទ្ធិទទួលព័ត៌មាន ក្នុងឧត្តមគតិដើម្បីពង្រឹងសមត្ថភាពជាតិ ដើម្បី បណ្តុះ «ស្មារតីកម្ពុជានិយម»។ សូមបន្តប្រើប្រាស់លំហសិទ្ធិសេរីភាពព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពី «តម្លៃសន្តិភាព» និងមរតកវប្បធម៌ល្អប្រពៃថ្លៃថ្នូររបស់ប្រជាជនយើងទៅកាន់ពិភពលោក ដោយតម្កល់ ផលប្រយោជន៍ជាតិយើងមុនគេ។ យើងត្រូវតែជឿជាក់លើខ្លួនយើងជាមុន និងជឿជាក់លើអនាគតដ៏ប្រសើររបស់ប្រទេសជាតិយើងជាមុន។ គ្មាននរណាស្គាល់តម្រូវការកម្ពុជា ជាងកម្ពុជាខ្លួនឯងឡើយ។ គ្មាននរណាលើកតម្កើងកម្ពុជា ជាងកម្ពុជាខ្លួនឯងនោះឡើយ។ ដូច្នេះ ការចូលរួមផ្សព្វផ្សាយ រូបភាពល្អ១សន្លឹក ខ្លឹមសារល្អ១ឃ្លា ទស្សនវិជ្ជា ការឆ្នៃប្រឌិតថ្មី គឺមានតម្លៃឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់អ្នក ប្រទេសជាតិអ្នក ហើយទង្វើវិជ្ជមានជាប្រចាំនេះ នឹងក្លាយជាកម្រងប្រវត្តិសាស្ត្រ ដែលកត់ត្រានូវគុណសម្បត្តិរបស់អ្នកបានចូលរួមក្នុង «បុព្វហេតុដើម្បីឧត្តមភាពជាតិមាតុភូមិ» របស់យើង ហើយសកម្មភាពនេះមានគុណតម្លៃធំធេងទាំងសម្រាប់បច្ចុប្បន្ននិងតទៅអ្នកជំនាន់ក្រោយ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ស.ស.ស.ក៖