(ប៉ៃលិន)៖ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់នៅសារធាតុញៀនដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុចដីរបស់ឈ្មោះ សេង ដារ៉ាវុធ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ មានឈ្មោះ មុន ថៃ អាយុ ២១ឆ្នាំ, ឈ្មោះ គុណ គង់ អាយុ ២១ឆ្នាំ, ឈ្មោះ សៀវ ឆៃ អាយុ ១៥ឆ្នាំ និង ឈ្មោះ សៀវ វុទ្ធ អាយុ ២៥ឆ្នាំ ទាំង៤នាក់មានទីលំនៅនៅភូមិ ទួលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រោយពីឃាត់ខ្លួនធ្វើតេសទឹកនោម ឃើញថាជនសង្ស័យ ទាំង៤នាក់មានសារធាតុញៀន។
ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីនកាត់ស្មៅចំនួន ០១គ្រឿង, ផ្លែកាត់តម្រឹមស្មៅចំនួន ០១ផ្លែ, ស៊ាំរៃ ០១ដើម, កាំបិតខ្វែវ ០២ដើម, កាំបិត ០៤ដើម និងម៉ូតូម៉ាកវេវពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខ ប៉ៃលិន 1C-0345។
បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តប៉ៃលិនដើម្បីបន្តនីតិវិធី៕