(បន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង នៅជិតព្រំដែនកម្ពុជា-ថៃ បានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង រួមជាមួយនឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ តែត្រូវបាន អាជ្ញាធរ និងកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយសង្គ្រោះទាន់ពេលវេលានៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានឲ្យដឹងថា ក្រោយពីដឹងថា ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង នៅជិតព្រំដែនកម្ពុជា-ថៃ រងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង លោកបានចាត់តាំងកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូច ចុះជួយប្រជាពលរដ្ឋសរុបរួម៥៣ខ្នង ក្នុងនោះមានផ្ទះលិចមិនអាចរស់នៅបានចំនួន៦ខ្នង នៅភូមិវត្តចាស់ ឃុំអូបីជាន់ ស្រុកអូជ្រៅ។
ប្រជាពលរដ្ឋចំនួន៦គ្រួសារ និងសម្ភារមួយចំនួន ត្រូវបានកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកជញ្ជូនមកដល់ទីទួលសុវត្ថិភាព និងកំពុងស្នាក់នៅ បណ្តោះអាសន្ននៅសាលាឃុំអូបីជាន់។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក សឹង្ហ ទុំ បានជំរុញឲ្យប្រជាពលរដ្ឋត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។
លោកក៏បានឲ្យអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើម៕