(បន្ទាយមានជ័យ)៖ ស្ថានភាពកម្រឹតទឹកស្ទឹងមង្គលបុរីផ្នែកកណ្តាល បាននិងកំពុងហក់ឡើងយ៉ាងគំហុកចំនួន ៣កន្លែងរួមមាន៖ ឃុំបត់ត្រង់ នៅចំណុចស្ពានបត់ត្រង, ឃុំរហាត់ទឹក នៅចំណុចសំណង់ពោធ២ដើម និងឃុំចំណោម នៅចំណុចស្ពានចំណោមនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ចំពោះស្ថានភាពបែបនេះ រដ្ឋបាលខេត្ត បានឲ្យប្រជាពលរដ្ឋមានប្រុងប្រយ័ត្ន ជាពិសេសក្មេងៗខ្លាចលង់ទឹក។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបុរី និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានចុះពិនិត្យមើលពីស្ថានភាពទឹក បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា បើទឹកនៅតែបន្តហូរយ៉ាងគំហុក នោះនឹងត្រូវប្រកាសអាសន្នចំនួន៤ឃុំរួមមាន៖ ឃុំបត់ត្រង់ រហាត់ទឹក ចំណោម និងឃុំសឿ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រី និងអ្នកពាក់ព័ន្ធត្រូវធ្វើការប្រុងប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ការខូចខាត និងរកវិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹកទុកជាដើម។
លោក លី សារី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់នីតាមដងស្ទឹង ដែលអាចកើតមានក្នុងស្រុកមង្គលបុរីយើងនេះ។
លោកបន្តថា «សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងស្រុក ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើម»៕