(កំពង់ស្ពឺ)៖ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបរបស់អតីតគណបក្សប្រឆាំង នៅខេត្តកំពង់ស្ពឺ ដែលធ្លាប់មានតួនាទីជាសមាជិកប្រតិបត្តិខេត្ត និងអតីតសមាជិកក្រុមប្រឹក្សាខេត្ត បានស្នើសុំចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយភ្ញាក់ខ្លួនដឹងកំហុស និងជឿតាមការញុះញង់របស់ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង នាពេលកន្លងទៅ។

ពួកគាត់ទាំងពីររូប ទី១៖ឈ្មោះ ទៀង សៀន រស់នៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មានតួនាទីជា អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃអតីតគណបក្សសង្គ្រោះជាតិ និងទី២៖ឈ្មោះ ឌុច នូសេរី ភេទស្រី រស់នៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមាន មានតួនាទីជា អតីតសមាជិកក្រុមប្រឹក្សាខេត្ត។

អតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សប្រឆាំងមួយនេះ បានអះអាងថា មូលហេតុដែលពួកគាត់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយអស់ជំនឿជាមួយ អតីតគណបក្សសង្គ្រោះជាតិ។

ពួកគាត់បន្ដថា អតីតគណបក្សប្រឆាំង បានធ្វើឲ្យរាំងស្ទះនូវដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ហើយមានតែគណបក្សប្រជាជននោះទេ ដែលជាអ្នកកសាងជាតិមាតុភូមិ តាំងពីដើមរហូតមកដល់ពេលនេះ៕