(បន្ទាយមាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរប្រុសស្រី៧នាក់ បានលួចឆ្លងដែនចូលធ្វើការក្នុងផ្សាររោងក្លឿរ តែត្រូវទាហានថៃឃាត់ខ្លួន នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ ពួកគេបានចូលតាមច្រករបៀងខុសច្បាប់ស្ថិតភូមិប៉ារ៉ៃ ស្រុកអារ័ញ្ញ ខេត្តស្រះកែវ។
មន្ត្រីយោធាព្រំដែន បានឲ្យដឹងថា ទាហានថៃបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ៧នាក់ (ក្មេងម្នាក់) ក្រោយបានលួចចូលឆ្លងដែនដោយខុសច្បាប់តាមច្រករបៀង រួចត្រូវទាហានថៃបញ្ជូនមកកាន់ស្នាក់ការប៉ុស្តិ៍អនុវត្តន៍តាមច្បាប់។
មន្ត្រីយោធារូបនោះ បញ្ជាក់ថា តាមចម្លើយប្រជាពលរដ្ឋ ពួកគាត់បានលួចឆ្លងដែនខុសច្បាប់ គោលបំណងទៅធ្វើជាកម្មករស៊ីឈ្នួលធ្វើទ្រនាប់ជើងជជុះឲ្យអាជីវករខ្មែរ លក់នៅផ្សាររោងក្លឿរប្រទេសថៃ ហើយពួកគាត់រស់នៅក្រុងប៉ោយប៉ែត។
គួររំលឹកថា នៅពេលថៃ បិតច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ការទប់កូវីដ១៩ ហើយឃើញប្រជាពលរដ្ឋខ្មែរ ត្រូវភាគីថៃចាប់រាល់ថ្ងៃតាមបន្ទាត់ព្រំដែនដែល ត្រូវបានលួចឆ្លងដែនទៅរកការងារ ធ្វើនៅប្រទេសថៃដោយខុសច្បាប់៕