(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា (UC)។
ពិធីប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ជូននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត កៅ គឹមហួន ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជានៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ និងភ្ញៀវកិត្តិយសមួយចំនួនផងដែរ។
សេចក្ដីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យកម្ពុជា បានឱ្យដឹងថា គិតចាប់ពីពេលបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៣ មក នេះជាលើកទី៥៥ ហើយ ដែលសាកលវិទ្យាល័យបានប្រគល់សញ្ញាបត្រជូននិស្សិត និងឥស្សរជន។ ការប្រគល់សញ្ញាបត្រដំបូង គឺធ្វើឡើងនៅឆ្នាំ២០០៤ ដោយបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
មូលហេតុដែលសាកលវិទ្យាល័យកម្ពុជាសម្រេចប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ជូននាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង គឺដោយសារ៖
* កត្តាទី១៖ លោកបានបម្រើការជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះលោកបានបម្រើ និងការពារថ្នាក់ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសនានា ក្នុងពេលដែលពួកគាត់បានមកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា។
* កត្តាទី២៖ លោកបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព សន្ដិសុខ ស្ថិរភាពនយោបាយ ដែលមានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។
* កត្តាទី៣៖ លោកបានគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការជំរុញទំនាក់ទំនងស៉ីវិល និងយោធា តាមរយៈការជួយដល់ការងារដែលទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិ និងការអភិវឌ្ឍសហគមន៍។
សាកលវិទ្យាល័យកម្ពុជាបានឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ សាកលវិទ្យាល័យកម្ពុជាទទួលស្គាល់ និងផ្ដល់តម្លៃខ្ពស់ចំពោះឥស្សរជនដែលមានស្នាដៃឆ្នើម និងបានចូលរួមចំណែកដល់សង្គមទាំងក្នុងវិស័យសាធារណៈ និងឯកជន ក៏ដូចជាក្នុងជួររាជរដ្ឋាភិបាល យោធា វិស័យសិក្សាធិការ និងច្បាប់ជាដើម៕