(ភ្នំពេញ)៖ «បណ្ណាល័យសម្ដេចម៉ែ» ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
បណ្ណាល័យនេះជាប្រភពធនធានដ៏មានសារសំខាន់មួយ សម្រាប់សិស្សានុសិស្ស និងអ្នកស្រាវជ្រាវទូទៅ ដោយដើរតួនាទីជាស្ថាប័នមួយដែលបើកទូលាយសម្រាប់សាធារណជន ដើម្បីបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈសហសម័យរបស់កម្ពុជា។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានក្រាបបង្គំចូលគាល់ព្រះវររាជមាតា និងរាជវង្សានុវង្ស ដើម្បីប្រកាសថ្វាយឈ្មោះនេះជាផ្លូវការ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ព្រះវររាជមាតា ទ្រង់បានសព្វព្រះហឫទ័យរាជានុញ្ញាតឲ្យប្រើប្រាស់ឈ្មោះបណ្ណាល័យនេះ។
«បណ្ណាល័យសម្ដេចម៉ែ» ដើរតួនាទីជាទីតម្កល់ទុកឯកសារបណ្ណសារ សៀវភៅ និងសម្ភារផ្សេងៗដែលមានសារសំខាន់ចំពោះជាតិ រហូតដល់មានវត្តមានរបស់ វិទ្យាស្ថានស្លឹករឹត ដែលជាបូជនីយដ្ឋាន នៃការចងចាំ ពិភពលោកមួយ រចនាឡើងដោយលោកស្រី ហ្សាហា ហាឌីដ ដើម្បីឧទ្ទិសជូនដល់វិញ្ញាណខន្ធជនរងគ្រោះ នៃអំពើប្រល័យពូជសាសន៍នៅជុំវិញពិភពលោក។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺកំពុងបន្តស្រាវ ជ្រាវរកមូលនិធិគាំទ្រ វិទ្យាស្ថានស្លឹករឹត និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានការគាំទ្រសម្រាប់អនាគតដៃគូវិនិយោគរបស់ខ្លួន។
នៅពេលបញ្ចប់ការសាងសង់ វិទ្យាស្ថានស្លឹករឹត បន្ថែមលើបណ្ណាសារ នឹងរួមមាន សារមន្ទីរ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវលើអំពើប្រល័យពូជសាសន៍ មជ្ឈមណ្ឌលអប់រំស្ដីពីការសិក្សា និងបង្ការអំពើប្រល័យពូជសាសន៍ និងសាវនដ្ឋានសម្រាប់រៀបចំពិព័រណ៍ ការប្រគុំតន្ត្រី និងការធ្វើបទបង្ហាញនានា។
ការបង្កើតឲ្យមាន «បណ្ណាល័យសម្ដេចម៉ែ» គឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់ចំពោះជាតិ។ ការបង្កើតជា «បណ្ណាល័យសម្ដេចម៉ែ» មិនត្រឹមតែបង្ហាញ អំពីការចាប់ផ្ដើមកកើតធនធានថ្មី សម្រាប់ការអប់រំ ការសិក្សាស្រាវជ្រាវ និងការលើកស្ទួយសិល្បៈសហសម័យតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់ចំពោះការលះបង់របស់ព្រះវររាជមាតាជូនដល់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងការពុះពារ របស់ព្រះវររាជមាតាដ៏ខ្ពង់ខ្ពស់ ចំពោះប្រជាជនកម្ពុជា៕