(បន្ទាយមានជ័យ)៖ អ្នកបើករថយន្តម្នាក់ ទំនងបើកលឿន និងនិយាយទូរស័ព្ទផងនោះ ស្រាប់តែជ្រុលទៅបុកអ្នកជិះម៉ូតូបណ្តាលឲ្យស្លាប់២នាក់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺប្តីមានឈ្មោះ តុប យ៉ាន អាយុ៦៧ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) និងប្រពន្ធឈ្មោះ ម៉ៅ យុង អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោក ស្រុកអូរជ្រៅ បានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្តធុនតូយូតាកាំម៉ារីគូទស្វិតពាក់ស្លាកលេខភ្នំពេញ 2E-2717។ រថយន្ត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏បានបុកជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាពាក់ស្លាកលេខបន្ទាយមានជ័យ 1V-4443 ពីរនាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់ ហើយរថយន្តបង្កធ្លាក់ចូលប្រឡាយ រួចអ្នកបើកបររថយន្តបានរត់គេចបាត់។
មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីនគរបាលចរាចរណ៍ បានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករង់ចាំការដោះស្រាយ ខណៈសពជនរងគ្រោះត្រូវបានប្រគល់សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕