(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្ត លើសំណាក់របស់បុរសជនជាតិហុងគ្រីថា ពិតជាមានផ្ទុកវីរុសកូវី១៩ ប្រាកដមែន។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្នបុរសជនជាតិហុងគ្រី ដែលរកឃើញផ្ទុកវីរុសកូវិដ១៩នេះ កំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួចរាល់ផងដែរ ខណៈក្រុមការងារសុខាភិបាល កំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ជាមួយបុរសជនជាតិហុងគ្រីនេះ បន្តទៀត។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសជនជាតិហុងគ្រីរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង៩ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសង្ងំនៅក្នុងផ្ទះវីឡាមួយ ក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។
ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឆ្ពោះទៅខេត្តសៀមរាបនោះ គាត់បានទៅម៉ៅតាក់ស៊ីមួយជិះម្នាក់ឯង (ឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះទេ។
ពេលមកដល់ខេត្តសៀមរាប គាត់នៅសង្ខំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច (សរសេរសៀវភៅ) មានតែថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មួយថ្ងៃគត់ ដែលគាត់ចេញទៅទិញផ្ទាំងគំនូរដោយជិះម៉ូតូកង់បី (តុតុ) នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប រួចក៏ត្រឡប់មកផ្ទះគាត់វិញ។ រីឯភរិយាគាត់ ដោយសារមានម្ហូបអាហារជាច្រើនក្នុងផ្ទះស្រាប់ ស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្តងគត់ប៉ុណ្ណោះ តែពួកគាត់មានការអនុវត្តនូវវិធានការការពារ ដោយបានពាក់ម៉ាស់ពេលទៅកាន់ទីកន្លែងដូចបានជម្រាបជូនខាងលើ។ ចំណែកឯការរស់នៅរបស់គាត់ គឺមិនមានអ្នកផ្សេងមកប៉ះពាល់នោះឡើយ។
ក្រសួងសុខាភិបាលបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងបន្តធ្វើកិច្ចការចាំបាច់ៗ សម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួងនឹងបន្តជូនព័ត៌មានដល់សាធារណជននូវការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ ប្រសិនបើមាន ពាក់ព័ន្ធទៅនឹងករណ៏ខាងលើនេះ។
សូមជម្រាបថា គិតត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូដ-១៩ មានចំនួនសរុប២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាប ចំនួន ០១នាក់៕