(កំពង់ចាម)៖ ក្រុមការងារចុះជួយឃុំព្រែកតានង់របស់ក្រសួងព័ត៌មាន ដឹកនាំដោយ លោក អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងារ និងលោកស្រី និងសហការី ជាអនុប្រធាន សមាជិកសមាជិកា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) ដែលមានលោក កៅ អ៉ីមរ៉ន តំណាងលោក ណាសៀត អូស្មាន ប្រធាន CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយឥតគិតថ្លៃ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅបរិវេនសាលាបឋមសិក្សា ភូមិកំពង់ចំបក់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋមកពិនិត្យព្យាបាលចំនួន ១០៩នាក់។
ក្នុងរបាយការណ៍ស្វាគមន៍ លោក កៅ អ៉ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងក្នុងនាមលោកផ្ទាល់ លោកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌លើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋមូលដ្ឋាននេះ ហើយគណៈកម្មការសុខាភិបាល CMYA ដែលមានគ្រូពេទ្យស្ម័គ្រចិត្ត នឹងបន្តសហការជាមួយក្រុមការងារជានិច្ច ដើម្បីចូលរួមដោះស្រាយទុក្ខលំបាកនានា ជាពិសេសការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋតែម្តង។
ជាមួយគ្នានេះ លោក អ៊ុក សំរេច បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ CMYA ដែលជានិច្ចកាល តែងតែចែករំលែកសេចក្តីស្រឡាញ់ លះបង់ពេលវេលា និងកម្លាំងកែចិត្ត ក្នុងការចូលរួមកិច្ចការសង្គម លើកកម្ពស់សុខភាពដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ។ លោកក៏បានផ្ដាំផ្ញើដល់ពុកម៉ែបងប្អូន ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ព្រោះសុខភាព គឺជាទ្រព្យសម្បត្តិជាប់កាយដែលមិនអាចទិញដូរបានឡើយ ជាពិសេស សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឲ្យប្រាកដថា ប្រទេសយើងមានសុវត្ថិភាព ១០០ភាគរយ ពិការឆ្លងនៃជំងឺដ៏គ្រោះថ្នាក់នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បាននាំនូវអំណោយរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១០៩នាក់ ដែលម្នាក់ៗទទួលបាន ក្រម៉ា០១ មុង០១ និងសាប៊ូដុះខ្លួនមួយដុំ។
ក្នុងនោះផងដែរ ក៏បានឧបត្ថម្ភដល់យុវជន CMYA ស្រុកកោះសូទិន ១០នាក់ ក្នុងម្នាក់ៗ១០,០០០រៀល និងគ្រូពេទ្យស្ម័គ្រចិត្ត CMYA ១២នាក់ ក្នុងម្នាក់ៗ ៤០,០០០រៀល, ផ្តល់ជូនសាលាឃុំមានដូចជា អាល់កុល២០លីត្រ ថ្នាំគីណាល់៤០ប្រអប់ ជូនមន្ត្រីនគរបាល២នាក់ ម្នាក់២០,០០០រៀល ប្រជាការពារ ៥នាក់ ម្នាក់១០,០០០រៀល ក្រម៉ា០១ មុង០១ និងសាប៊ូ០១ដុំ៕