(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋប្រមាណជាង៩០នាក់រស់នៅភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល កំពុងមានបញ្ហាឆ្លងជម្ងឺគ្រុនឈីក ខណៈមានអ្នកធ្ងន់ធ្ងរចំនួន១២នាក់, ពួកគាត់កំពុងទទួលបានការគ្រប់គ្រង និងពិនិត្យដោយក្រុមអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។
បើតាមលោក កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី២៦ ខែកញ្ញា នេះថា «បន្ទាប់ពីទទួលបានដំណឹងថា ពលរដ្ឋយើងចាប់ផ្ដើមមានអាការៈមិនស្រួលកាន់តែច្រើនឡើងៗ ខាងអាជ្ញាធរស្រុក និងខាងសុខាភិបាលខេត្ត បានចុះមកដល់ទីតាំងផ្ទាល់ ខណៈភូមិនេះជាតំបន់ដាច់ស្រយាល ជាប់ព្រុំប្រទល់ខេត្តព្រៃវែង ទើបអាជ្ញាធរសម្រេចរៀបចំពួកគាត់ក្នុងសាលាឆាន់សិន ហើយយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ១០០ ខណៈអ្នកជម្ងឺធ្ងន់ធ្ងរទាំង១២នាក់ ទទួលបានការយកចិត្តទុកដាក់ជាពិសេស»។
លោកអភិបាលស្រុកបានបន្តថា ដោយសារពលរដ្ឋពុំបានមកមណ្ឌលសុខភាពនៅស្រុកល្វាឯមនោះទេ ពោលពេលកំពុងមិនស្រួលខ្លួនពួកគាត់នាំគ្នាទៅមណ្ឌលសុខភាព នៅព្រៃវែង ឯណោះព្រោះនៅជិតជាងដែលកត្តានេះជាហេតុនាំឱ្យខាងអាជ្ញាធរ ពុំទទួលបានព័ត៌មានទាន់ពេលវេលា ប៉ុន្តែបន្ទាប់ពីមានការពិនិត្យរកឃើញថាពលរដ្ឋឆ្លងគ្រុនឈីក ខាងអាជ្ញាធរ និងសុខាភិបាល បានដុតដៃដុតជើងមកសង្រ្គោះភ្លាមៗទាន់ពេលវេលា។
លោកបញ្ជាក់ទៀតថា ដោយសារតែកលតឡើងភ្លាមៗពេក ខាងអាជ្ញាធរក្ដាប់ដំណឹងបានប៉ុណ្ណឹងសិនរង់ចាំការ Update នាពេលក្រោយបន្តទៀត។
ស្ថិតក្នុងចំណោមអាជ្ញាធរពាក់ព័ន្ធ យប់នេះក៏ឃើញលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក៏បានដឹកនាំកម្លាំងចុះទៅជួយអ្នកជម្ងឺទាំងអស់ តាមសមត្ថភាពផងដែរ ដែលកាយវិការនេះ ទទួលបានការសាទរនិងកក់ក្ដៅយ៉ាងខ្លាំងពីពលរដ្ឋ។
គួរជម្រាបថា ជម្ងឺគ្រុនឈីកកើតនៅស្រុកពញញាឮមួយចំនួន ហើយអាជ្ញាធរបានព្យាបាលពួកគាត់បានជាសះស្បើយ១០០%ហើយ៕