(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន​នាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះប្រាប់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់ឱ្យដឹងថា មុនពេលកើត​ហេតុស្វាមីរបស់​ខ្លួនបានអង្គុយ​ផឹកសុីជាមួយមិត្ត​ភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង​១០យប់ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែឮសំឡេង​ប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់​ដែលស្គាល់ថាជាអ្នកជិតខាង។

ស្ត្រីភរិយាជនរងគ្រោះបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះ​ក្រោយមកជន​ដៃដល់​បានដកកាំភ្លើង​ពីចង្កេះបាញ់​លើស្វាមីរបស់​ខ្លួន​បណ្ដាលឲ្យស្លាប់​នៅក្នុងថ្លុកឈាមតែម្តង។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចក៏នាំខ្លួនគ្រួសារសាច់ញាតិជនដៃដល់យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដេីម្បីធ្វេីសាកសួរ ។

គេមិនទាន់ដឹងពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយ។

ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ កូនស្រីទី២ អាយុ៩ឆ្នាំ កូនស្រីទី៣ អាយុ៥ឆ្នាំ កូនស្រី ទី៤ អាយុ១ឆ្នាំ។

នៅកន្លែងកើតហេតុមានការសង្វេគចិត្តជាខ្លាំង។ ភរិយា និងកូនៗ ព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជនរងគ្រោះ។

អ្នកនៅកន្លែងកើតហេតុបានកើតការតក់ស្លុតធានិតក្រុមគ្រួសារជនរងគ្រោះ ជាពិសេសកូនៗជនរងគ្រោះដែលនៅតូចៗនៅឡើយ មិនត្រូវមានវាសនាយ៉ាងណាទៅថ្ងៃមុខបើឪពុកជាបង្អែកដ៏ធំក្នុងគ្រួសារបានស្លាប់ចោលពួកគេទៅហើយ។

អ្នកនៅកន្លែងកើតហេតុក៏កើតការហួសចិត្តជាខ្លាំងចំពោះការខ្វះក្តីមេត្តា និងការអភ័យឱ្យគ្នារបស់គូជម្លោះនេះ ហើយបែរជាសាងហឹង្សាបន្សល់នូវវិប្បដិសារីម្ខាង ត្រូវស្លាប់ ម្ខាងប្រឈមជាប់ទោសពេញមួយជីវិត៕