(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ លើបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលរត់គេចខ្លួនកាលពីម្សិលមិញ ហើយត្រូវបានរកឃើញវិញ និងបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិហុងគ្រីអាយុ៧០ឆ្នាំ រស់នៅក្នុងបុរីអាថែន ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប លទ្ធផលធ្វើតេស្ត គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយដែល ក្រសួងបានចេញសេចក្ដីជូនព័ត៌មាន រួមទាំងប្រវត្តិធ្វើដំណើររបស់គាត់ ជម្រាបជូនសាធារណជន នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រួចហើយដែរ។
ដោយឡែកសម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល ដោយសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺខាងលើ ហើយក្រសួងសូមជម្រាបជូនដូចតទៅ ភរិយាបុរសជនជាតិហុងគ្រីនេះ ជាស្ត្រីជនជាតិខ្មែរ កំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងធ្វើការតាមដានសុខ ភាព នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។ លទ្ធផលតេស្តលើកទី១របស់គាត់ គឺ អវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ។
អ្នកបើកម៉ូតូកង់បី (តុតុ) នៅខេត្តសៀមរាប ត្រូវបានក្រុមការងាររកគាត់ឃើញហើយ នៅរសៀលថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ និងបានមកពិនិត្យតាមដានសុខភាព ព្រមទាំងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប។ ភរិយា និងកូន០២នាក់ ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះរបស់គាត់ ដើម្បីគាត់ដានសុខភាពដែរ។
អ្នកដែលបម្រើការងារនៅគ្រឹះស្ថានអង្គរក្រុងសៀមរាប ដែលជាកន្លែងអ្នកជំងឺចូលទិញផ្ទាំងគំនូរនោះ តាមការស្រាវជ្រាវ មិនមានការប៉ះពាល់ច្រើនទេ ព្រោះអ្នកជំងឺបានពាក់ម៉ាស់ ហើយគាត់ចូលទៅទិញតែផ្ទាំងគំនូរមួយភ្លែតតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី ក្រុមគ្រូពេទ្យកំពុងតែបន្តតាមដានពិនិត្យបន្ថែមទៀតលើករណីនេះ។
អ្នកបើកបរតាក់ស៉ីនៅភ្នំពេញ ដែលអ្នកជំងឺបានម៉ៅជិតម្នាក់ឯងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក៏រកឃើញហើយដែរ ដែលនឹងត្រូវយកសំណាកនៅថ្ងៃនេះ ដើម្បីវិភាគហើយបានណែនាំឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ហើយដែរ។
អ្នកដំណើរតាមយន្តហោះដែលមានបុរសជនជាតិហុងគ្រីជិះដែរនោះ សរុបចំនួន ៨៤នាក់ ត្រូវបានក្រុម ការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បាន និងកំពុងធ្វើទំនាក់ទំនង ដើម្បីធ្វើតេស្តពួកគាត់ជា លើកទីពីរជាបណ្ដើរៗហើយ។ នៅពេលដែលមានលទ្ធផល ក្រសួងនឹងជូនព័ត៌មានជាបន្តទៀត។
ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តន៍ វិធានការការពារការចម្លងវីរុសកូវីដ-១៩ ទៅតាមការណែនាំ និងការអំពាវនាវជារឿយៗរបស់ក្រសួង ដើម្បីសុខ ភាពរបស់លោកអ្នក របស់ក្រុមគ្រួសារលោកអ្នក និងការពារការចម្លងចូលក្នុងសហគមន៍យើងផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ថ្ងៃព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូដ-១៩ មានចំនួនសរុប២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាប ចំនួន ០១នាក់៕