(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ម៉ោងនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី២៧ ខែកញ្ញា ម៉ោងនៅរាជធានីភ្នំពេញ បានធ្វើសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធវីដេអូ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៥។
ក្នុងសេចក្តីថ្លែងការណ៍នេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាប្រឈម និងការគំរាមកំហែងថ្មីរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ បញ្ហាប្រឈមទាំងនេះមានដូចជា៖ លទ្ធភាពឈានទៅរកសង្គ្រាមត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល, ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន, បញ្ហាភេរវកម្មមិនមែនរដ្ឋ និងភាពអត់ឃ្លាន, ទុក្ខវេទនា និង ការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្សរាប់លាននាក់រងគ្រោះ។ល។
សម្តេចតេជោ បានកត់សម្គាល់ទៀតថា អ្វីដែលពិភពលោកកំពុងប្រឈមខ្លាំងថែមទៀតនោះ គឺការផ្លាស់ប្តូរមិនអាចបកក្រោយ ទៅរកប្រព័ន្ធពហុប៉ូល ដែលត្រូវបានលេចឡើង តាមរយៈការប្រកួតប្រជែងឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើងនៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿនឆ្ពោះទៅជួរមុខនៃនយោបាយតំបន់ ។
ក្នុងសេចក្តីថ្លែងការណ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវគោលគំនិតរបស់សម្តេចទៅលើបញ្ហាប្រឈមរបស់ពិភពលោកដូចជា៖ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយថ្មីៗ និង ផលប៉ះពាល់ចំពោះពិភពលោក, ជំងឺរាតត្បាតកូវីដ-១៩, ការស្ដាសេដ្ឋកិច្ច និងសង្គមឡើងវិញ, បញ្ហា និងការប្រឈមជាសកល, បញ្ហាភេរវកម្មមិនមែនរដ្ឋ និង ប្រតិបត្តិការរក្សាសន្តិភាព និង ការបដិសេធចំពោះភាពអយុត្តិធម៌ផងដែរ។
ខាងក្រោមនេះជាវីដេអូទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ៖