(ភ្នំពេញ)៖ ជនសង្ស័យបាញ់សម្លាប់ជាងកាត់សក់នៅជិតសាលារៀនទួលគោក នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ។ ជនសង្ស័យរូបនេះ ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពបានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនសង្ស័យរូបនេះ មានឈ្មោះ លី ថារិយ។ ប្រភពបានឱ្យដឹងដែរថា ជនសង្ស័យរូបនេះមានអតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ។ ក្រោយមកព្រោះការប្រព្រឹត្តខុសនឹងវិន័យ ក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។

ទន្ទឹមនឹងការកំណត់អត្តសញ្ញាណជនសង្ស័យបានហើយនោះ កម្លាំងសមត្ថកិច្ចកំពុងបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនសង្ស័យចិត្តគ្មានក្តីមេត្តារូបនេះផងដែរ។

សូមបញ្ជាក់ថា នៅម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់ ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះប្រាប់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់ឱ្យដឹងថា មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកសុីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។

ស្ត្រីភរិយាជនរងគ្រោះបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់លើស្វាមីរបស់ខ្លួនបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

គេមិនទាន់ដឹងពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយ។

ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ។

នៅកន្លែងកើតហេតុមានការសង្វេគចិត្តជាខ្លាំង។ ភរិយា និងកូនៗ ព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជនរងគ្រោះ។

អ្នកនៅកន្លែងកើតហេតុបានកើតការស្លុតចិត្តអាណិតក្រុមគ្រួសារជនរងគ្រោះ ជាពិសេសកូនៗជនរងគ្រោះដែលនៅតូចៗនៅឡើយ មិនត្រូវមានវាសនាយ៉ាងណាទៅថ្ងៃមុខបើឪពុកជាបង្អែកដ៏ធំក្នុងគ្រួសារបានស្លាប់ចោលពួកគេទៅហើយ។

អ្នកនៅកន្លែងកើតហេតុក៏កើតការហួសចិត្តជាខ្លាំងចំពោះការខ្វះក្តីមេត្តា និងការអភ័យឱ្យគ្នារបស់គូជម្លោះនេះ ហើយបែរជាសាងហឹង្សាបន្សល់នូវវិប្បដិសារីម្ខាង ត្រូវស្លាប់ ម្ខាងប្រឈមជាប់ទោសពេញមួយជីវិត៕

ជនសង្ស័យបាញ់សម្លាប់ជាងកាត់សក់