(ភ្នំពេញ)៖ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ កាលពីម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវទស្សនទាន ៥ចំណុច សម្រាប់ជាកិច្ចពិភាក្សាក្នុងមហាសន្និបាត។
ទស្សនទានរបស់សម្ដេចតេជោ ហ៊ុន សែនរួមមាន៖
១៖ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយថ្មីៗ និង ផលប៉ះពាល់ចំពោះពិភពលោក
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថិរភាព និង វិបុលភាពរយៈពេលវែងបំផុត ក្នុងសម័យទំនើបនេះ ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិ បង្កើតឡើងក្នុងឆ្នាំ ១៩៤៥ នោះ, កំពុងទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ព្រោះគុណតម្លៃជាមូលដ្ឋានដែលជាគ្រឹះនៃសណ្ដាប់ធ្នាប់នេះ ក៏ដូចជាគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ ត្រូវបានគេរំលោភបំពាន និងលែងគោរព។ ជាងនេះទៅទៀត និន្នាការឯកតោភាគីនិយម និង ការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ កំពុងតែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និង វិធានពហុភាគីនិយម ។ ជាការពិត សព្វថ្ងៃនេះ យើងកត់សម្គាល់ឃើញយ៉ាងប្រចក្ស នូវការចុះខ្សោយនៃប្រព័ន្ធត្រួតពិនិត្យអាវុធអន្តរជាតិ និង ការកើនឡើងយ៉ាងស្រួចស្រាលនៃហានិភ័យនុយក្លេអ៊ែរ។ យើងក៏សង្កេតឃើញមានការផ្លាស់ប្តូរដ៏គួរឱ្យភ័យព្រួយនៃគោលនយោបាយ និង លទ្ធិយោធានិយម ឆ្ពោះទៅរកទស្សនៈមួយដែលថាការបង្កើតសង្គ្រាម ដើម្បីរក្សាឧត្តមភាពរបស់ខ្លួនជាទង្វើមួយដែលអាចទទួលយកបាន ។ តួយ៉ាង កិច្ចព្រមព្រៀងជាសកល ត្រូវបានគេបដិសេធជាឯកតោភាគី ហើយស្ថាប័នអន្តរជាតិ ក៏ត្រូវបានគេវាយប្រហារយ៉ាងកំរោល ខណៈដែលសំឡេងប្រកបដោយហេតុផល ត្រូវបានគេរារាំងដោយការប្រព្រឹត្តតាមទំនើងចិត្ត តាមរយៈការដាក់ទណ្ឌកម្មជាឯកតោភាគី និងវិធានការចាប់បង្ខំផ្នែកនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែប្រទេស មានអំណាចបំផុត តម្កល់ផលប្រយោជន៍ខ្លួនខ្ពស់ជាងអ្វីៗទាំងអស់ ។ លើសពីនេះទៀត ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ត្រូវបានគេប្រើប្រាស់ដោយឥតញញើត និង ធ្វើឡើងក្នុងកម្រិតមួយដែលបំផ្លិចបំផ្លាញគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាអាទិ៍ សិទ្ធិស្វ័យសម្រេច និងអធិបតេយ្យជាតិ។ ក្នុងបរិបទនេះ ការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ គឺជាមូលហេតុនៃក្ដីបារម្ភដ៏ធំធេងរបស់យើង ។ ទន្ទឹមនេះ លទ្ធភាពនៃការកើតឡើងនូវ សង្គ្រាមត្រជាក់បែបថ្មី ក៏បានក្លាយជាកង្វល់ដ៏ចម្បងមួយទៀត ព្រោះថា ប្រទេសកម្ពុជាដ៏តូចមួយនេះ ធ្លាប់បានបង់ថ្លៃយ៉ាងដំណំ ដោយសារជម្លោះសង្គ្រាមត្រជាក់ ការខ្វែងគំនិតគ្នាផ្នែកមនោគមវិជ្ជា និងការប្រកាន់ឥរិយាបថជាតិនិយមជ្រុល។ ហេតុនេះ យើងត្រូវតែច្រានចោលយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងណាមួយដែលនាំទៅរកការសាដាននៃប្រវត្តិសាស្រ្ត ។
២៖ ជំងឺរាតត្បាតកូវីដ-១៩ ការស្ដាសេដ្ឋកិច្ច និងសង្គមឡើងវិញ
ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រ យើងពុំធ្លាប់ជួបវិបត្តិសុខាភិបាលណាដែលបង្កផលប៉ះពាល់ និង ផ្ដល់ផលវិបាក ក្នុងកម្រិតធ្ងន់ធ្ងរបែបនេះទេ។ ទោះបីជាយើងពុំទាន់អាចវាយតម្លៃបានពេញលេញនៅឡើយ អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក, យើងអាចប្រមើលឃើញបានអំពីយថាភាពដ៏អាក្រក់នៃការក្ស័យ-ធនផ្នែកធុរកិច្ច និង ការបាត់បង់ការងារដែលបានកំពុងបង្កផលប៉ះពាល់ដល់ជីវភាពមនុស្សរាប់លាននាក់ ។
ទោះជាយ៉ាងនេះក្ដី ជំងឺកូវីដ-១៩ បានក្រើនរំលឹកយើងអំពីសាមគ្គីភាពមិនអាចខ្វះបាន ក្នុងការបង្រួបបង្រួមប្រជាជាតិទាំងអស់លើពិភពលោក។ ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកឡើងវិញឱ្យបាន ឆាប់រហ័ស យើងត្រូវតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយត្រូវរួមគ្នាដោះស្រាយវិបត្តិនេះ តាមរយៈយន្តការស្ថាប័នអន្តរជាតិនានា ដោយឈរលើគោលការណ៍តម្លាភាព និង ប្រសិទ្ធភាព ។ ពេលនេះ គឺសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវច្រានចោលនូវឥរិយាបថគិតតែពីខ្លួនឯង ឬ “អាត្មាអញជាចម្បង” ដោយផ្ទុយទាំងស្រុងទៅនឹងគុណតម្លៃជាសកលរបស់មនុស្សជាតិ។ កម្ពុជាបានបង្ហាញពីកាយវិការមនុស្សធម៌នៅដើមឆ្នាំនេះ ដោយបានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ដែលអណ្ដែតតែលតោលនៅលើផ្ទៃសមុទ្រគ្មានប្រទេសណាមួយទទួល ចូលសំចតនៅកំពង់ផែរបស់យើង, ដែលការណ៍នេះបានអនុញ្ញាតឱ្យអ្នកដំណើរ និង នាវិក អាចវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញបានដោយសុវត្ថិភាព ។
៣៖ បញ្ហា និងការប្រឈមជាសកល
ចំណុចនេះសម្ដេចតេជោ សុំលើកអំពីបញ្ហា និង ការប្រឈមសកលចម្បងៗ ដោយចាប់ផ្ដើមពីផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ពិនិត្យលើស្ថានភាពសេដ្ឋកិច្ចសកលលោក ដែលកំពុងតែទទួលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ សម្តេចមានការព្រួយបារម្ភជាពិសេសអំពីផលប៉ះពាល់ចំពោះធនធានសម្រាប់យកទៅអនុវត្តលើការងារជាអាទិភាព ដើម្បីសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ តាមពេលវេលាកំណត់ ដែលប្រការនេះ អាចទាមទារឲ្យយើងធ្វើការវាយតម្លៃឡើងវិញអំពីលទ្ធភាពនៃការសម្រេចបាននូវបណ្តា គោលដៅដែលត្រូវបានដាក់ចេញកន្លងមក ។
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដ៏គួរឱ្យបារម្ភខ្លាំងក្លាមួយទៀត។ ការបំភាយឧស្ម័នកាបូនិកជា សកលប្រចាំឆ្នាំ បានកើនឡើង ១,៥% ក្នុងអំឡុងពេល ១០ឆ្នាំចុងក្រោយនេះ។ បរិស្ថានរបស់ភពផែនដី ប្រមាណ ៧៥% ទទួលរងការរេចរិល គួរឱ្យកត់សម្គាល់ដោយសារប្លាស្ទិក, ថ្នាំសម្លាប់សត្វល្អិត សារធាតុនី-ត្រាត និងលោហៈធាតុធ្ងន់។ ជាមួយនឹងស្ថិតិដ៏គួរឱ្យព្រួយបារម្ភនេះ, ក៏គួរកត់សម្គាល់ផងដែរថា ប្រទេសមិនច្រើននោះទេ ដែលបានបំពេញការប្តេជ្ញាចិត្តស្របតាម កិច្ចព្រមព្រៀង COP21។
កម្ពុជា គឺជាប្រទេសតូចមួយ ដែលធនធានមានកម្រិត ប៉ុន្តែយើងបានខិតខំដោះស្រាយបញ្ហាជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ទាំងក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិ ជាតួយ៉ាងកម្ពុជាបានបំពេញកាតព្វកិច្ចដូចមានចែងក្នុង COP21 ពោលគឺ ចំណាត់ការដែលយើងបានប្រកាន់យកចំពោះការប្រែប្រួលអាកាសធាតុ គឺជាសមាសធាតុដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិរបស់យើង។ ជាក់ស្ដែង យើងនឹងធ្វើបច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឱ្យបានមុនពេលសម័យប្រជុំ COP26 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគ្លាសហ្គោ (Glasgow) ។
៤៖ បញ្ហាភេរវកម្មមិនមែនរដ្ឋ និងប្រតិបត្តិការរក្សាសន្តិភាព
សម្តេចសូមលើកឡើងនូវបញ្ហាសំខាន់ពីរផ្សេងទៀត ដែលពាក់ព័ន្ធនឹងសន្តិភាព និង សន្តិសុខ នោះគឺ បញ្ហាភេរវកម្មមិនមែនរដ្ឋ និង ប្រតិបត្តិការរក្សាសន្តិភាព។
សម្តេចយល់ឃើញថា ការមិនអើពើចំពោះការគំរាមកំហែងពីភេរវកម្មមិនមែនរដ្ឋ ដោយគ្រាន់តែសង្ឃឹមថា វានឹងរលត់ទៅវិញដោយឯកឯង គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ។ ជាមួយនេះ យើងក៏ត្រូវទទួលស្គាល់ដែរថា ឫសគល់នៃជម្លោះសាសនាជ្រុលនិយមនេះ មិនទាន់ត្រូវបានដោះស្រាយ នៅឡើយទេ។ ជាការពិត ភាពជ្រុលនិយមគ្រប់ទម្រង់ មានប្រភពចេញមកពីអយុត្តិធម៌សង្គម ដែលកើតឡើងដោយសារការរើសអើងយេនឌ័រ ភាសា ពណ៌សម្បុរ ជំនឿ ឬ ដើមកំណើតជាតិសាសន៍ ។ ជាមួយគ្នានេះ បញ្ហាក្តៅគគុកផ្សេងទៀត នៅតែបន្តគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ នៅតាមតំបន់ជាច្រើនជុំវិញពិភពលោក ។ ក្នុងបរិការណ៍នេះ កម្ពុជាមានមោទនភាពចំពោះការរួមចំណែករក្សាសន្តិភាពពិភពលោក ក្នុងអំឡុងពេល ជាច្រើនឆ្នាំមកនេះ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជាមានកងកម្លាំងមួកខៀវជិត ៨០០ នាក់ ដែលក្នុងនោះមាន ១០% គឺជាស្រ្តី កំពុងបំពេញបេសកកម្មនៅស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល ។
ក្នុងឱកាសប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ យើងត្រូវផ្តល់កិត្តិយសដល់ ជនក្លាហានទាំងអស់ដែលបានលះបង់ជីវិត រួមទាំងកងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលបានបូជាជីវិត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃការចូលរួមចំណែកកសាងពិភពលោកមួយ កាន់តែល្អប្រសើរ និង ប្រកបដោយសុខ-សន្តិភាព។ កម្ពុជាបន្តប្តេជ្ញាចិត្តជានិច្ចក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ក្នុងគោលដៅលើក-កម្ពស់សន្តិភាព និង ការអភិវឌ្ឍសម្រាប់គ្រប់ៗគ្នា។ ជាមួយគ្នានេះ កម្ពុជាស្នើឱ្យអង្គការសហប្រជាជាតិផ្តល់ធនធានសមស្រប និង ការបណ្តុះបណ្តាលជាប្រចាំ នៅមុន និង ក្រោយ ការដាក់ពង្រាយកងកម្លាំង និង ការ-គាំទ្រជាប់លាប់ ចំពោះប្រតិបតិ្តការរក្សាសន្តិភាព ដើម្បីបំពេញអាណត្តិអង្គការសហប្រជាជាតិឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។
៥៖ ការបដិសេធចំពោះភាពអយុត្តិធម៌
ក្នុងនាមជាប្រទេសតូចមួយដែលស្រលាញ់សន្តិភាព និង ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ កម្ពុជាអាចដើរតួនាទីចូលរួមចំណែករបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិបាន លុះត្រាតែមានការធានាថា វិធានច្បាប់នានាដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ត្រូវបានអនុវត្តប្រកបដោយសមភាព។ គួរឱ្យសោកស្ដាយ ដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និងរបៀបវារៈឱកាសនិយមលាក់ពុតរបស់ប្រទេសមួយ ចំនួន កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេដែលប្រកបដោយល្បិចកល និងការសម្រេចចិត្តដែលមានភាពលម្អៀង និងមានចេតនានយោបាយ ពោលគឺ ភាពអយុត្តិធម៌។
រឿងអយុត្តិធម៌នេះ រំលឹកកម្ពុជាអំពីស្លាកស្នាម ប្រវត្តិសាស្រ្ត។ ប្រមាណជាង ៤០ឆ្នាំមុន កម្ពុជាត្រូវបាន រំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាជាង ២លាននាក់ បានបាត់បង់ជីវិតនៅក្នុងដៃរបបដ៏ព្រៃផ្សៃនេះ។ អ្នករស់រានមានជីវិតទាំងបាក់ស្បាត និង សល់តែបាតដៃទទេ គឺជាអ្នកដែលស្ដារប្រទេសជាតិពីគំនរផេះផង់។ អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ។ រដ្ឋាភិបាលដដែលទាំងនោះ ដែលបានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស គឺជាអ្នកដែលបានរារាំងប្រជាជនយើងពីការទទួលបានចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និងជាពិសេស សុខសន្តិភាព អស់រយៈពេលជាង ១២ឆ្នាំ។
ការណ៍ដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជា នៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ។ ទោះបីជាយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល ៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថា ជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិបតេយ្យភាព និងថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធ ជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និងសកលលោក។
សម្ដេចតេជោ ហ៊ុន សែនសូមនិយាយចំៗថា ពិភពលោកយើងកំពុងជួបបញ្ហា ប្រជាជនកំពុងរងទុក្ខវេទនា ហើយភពផែនដីកំពុងតែរងគ្រោះ ។ បញ្ហាប្រឈមធំៗ គឺស្ថិតនៅចំពីមុខយើងទាំងអស់គ្នា ហើយមានប្រទេសខ្លះបាននិង កំពុងគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ។ សរុបសេចក្ដីមក វាអាស្រ័យទៅលើប្រទេសដែលមានអំណាចខ្លាំងក្លាជាងគេបំផុត ក្នុងការបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពពិភពលោក និង ភាពរស់រានរបស់ភពផែនដី ហើយជាមួយគ្នានេះ វាក៏អាស្រ័យទៅលើមហាអំណាចទាំងឡាយ ទាំងថ្នាក់កំពូល ទាំងថ្នាក់កណ្ដាល ក្នុងការធ្វើការរួមគ្នាដើម្បីធានាបាននូវសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលឈរលើការគោរពអធិប-តេយ្យគ្នាទៅវិញទៅមក និង សន្តិសហវិជ្ជមាន៕