(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់វិនិយោគិនបរទេស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេ ភស្តុភារកម្មជាតិ ដែលទាមទារឱ្យមានការវិនិយោគយ៉ាងច្រើនពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជាឲ្យមានការរីកចម្រើន ហើយបច្ចុប្បន្ននេះក្រសួងបាននិងកំពុងធ្វើការគិតគូររៀបចំគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយសហការជាមួយក្រុមហ៊ុនឯកជនមួយរបស់ប្រទេសសឹង្ហបុរី។
នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ទោះបីមានបញ្ហាជំងឺកូវីដ១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកកម្ពស់គុណភាព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលក្នុងនោះកម្ពុជាបាននិងកំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ព្រមទាំងបានសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ជាងនេះទៀតថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចេញ កញ្ចប់ថវិកាជាតិ ប្រមាណ១០០ទៅ១៥០លានដុល្លារអាមេរិក ដើម្បីពង្រីកនិងលើកកម្ពស់គុណភាពផ្លូវនៅក្នុងក្រុងសៀមរាប។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីកំណែទម្រង់លើវិស័យដឹកជញ្ជូន ដោយប្រើប្រាស់យន្តការប្រព័ន្ធព័ត៌មានវិទ្យាដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការប្រឡងយកបណ្ណបើកបរ ដោយធ្វើការទូទាត់ថ្លៃសេវាតាមរយៈធនាគារដៃគូ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ផ្លូវខូចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក Alexander C. Feldman ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវិធានការទប់ស្កាត់ផលប៉ះពាល់មួយចំនួនពីជំងឺកូវីដ-១៩ និងទោះបីកម្ពុជាស្ថិតក្នុងស្ថានភាព រងផលប៉ះពាល់ ដោយសារជំងឺនេះក៏ដោយ ក៏កម្ពុជានៅមានការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុសត្រូវក្នុងការបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដែរ។
ក្រុមហ៊ុនទាំងអស់ក៏បានចូលរួមសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុនកម្ពុជា ព្រមទាំងបានសន្យាថា នឹងផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុនដៃគូដទៃទៀតឱ្យងាកមក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។
ជាមួយគ្នានេះដែរតំណាងក្រុមហ៊ុនមួយចំនួន ក៏បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងបានស្វែងរកកិច្ច សហប្រតិបត្តិការលើវិស័យមួយចំនួនជាមួយកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន រួមទាំងការលើកកម្ពស់បញ្ហាសុវត្ថិភាពចរាចរណ៍ និងវិស័យភស្តុភារកម្ម ក្រោយវិបត្តិជំងឺ កូវីដ-១៩ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាក្រុមហ៊ុនអាមេរិកមួយចំនួនឲ្យកាន់តែមានសភាពខ្លាំងក្លាឡើងថែមទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន Visa សហការជាមួយក្រសួង ក្នុងការផ្តល់សេវាទូទាត់តាមអនឡាញ និងជំរុញឱ្យក្រុមហ៊ុន Ford សិក្សាលទ្ធភាពរបស់ខ្លួនលើការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បន្ថែមលើមជ្ឈមណ្ឌលសេវាដែលខ្លួនមាននៅកម្ពុជា ដើម្បីបង្វិតសេវាឱ្យខិតជិត ប្រជាពលរដ្ឋ ដោយហេតុថាបច្ចុប្បន្ននេះក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលកំពុងប្រតិបត្តិការនៅកម្ពុជា មានក្រុមហ៊ុនចំនួនតែពីរប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន General Electric ដែលបានផ្តល់សម្ភារៈដល់មន្ទីរពេទ្យកម្ពុជាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងក្រុមហ៊ុនHerbalife Nutrition ដែលបាននិងបន្តការគាំទ្រដល់វិស័យកីឡាហែលទឹកនៅកម្ពុជា៕