(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល, ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាអភិបាលខេត្តកំពត បានបញ្ជាក់ថា សកម្មភាព និងអំពើល្អ របស់សមាជិកគណបក្ស គឺជាការបន្តនាំមកនូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត ។
ការមានប្រសាសន៍បែបនេះ បានធ្វើឡើង ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក CPP នៅមូលដ្ឋាន និងមន្ត្រីអាជ្ញាធរឃុំ សង្កាត់ ក្នុងស្រុកទឹលឈូ និងក្រុងកំពត ប្រមាណ ៩៤នាក់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ជាវ តាយ បានបន្តថា នៅពេលខាងមុខនេះ ការបោះឆ្នោត ជាសកល ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ គឺជាការងារសំខាន់ចាំបាច់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្ដើមឈានយកភាពជោគជ័យបន្តទៀត ក្នុងការដឹកនាំ និងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា និងការបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែមានភាពប្រសើរឡើងថែមទៀត ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលតែងតែមានភាពស្មោះស រួមសុខរួមទុក្ខនៅជាប់ជាមួយប្រជាជន និងដោះស្រាយរាល់ការលំបាកសំណូមពរ បញ្ហាប្រឈម បញ្ហាធំៗ ក្នុងដំណើរការកសាង ការពារ និងកិច្ចអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ជូនប្រជាជន និងប្រទេសជាតិគ្រប់កាលៈទេសៈកន្លងមក។ ដូច្នេះដើម្បីបន្ត ដណ្ដើមភាពគាំទ្រពីប្រជាពលរដ្ឋ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ហេីយមន្ត្រីគណបក្ស និងជំនាញពាក់ព័ន្ធអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចដឹកនាំ គ្រប់គ្រងទាំងរចនាសម្ព័ន្ធក្នុងបក្ស និងបង្កើន វិធានការដោះស្រាយរាល់សំណូមពរការលំបាក បញ្ហាប្រឈមតម្រូវការនៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ និងគណបក្សឲ្យបានសម្រេចលទ្ធផលកាន់តែល្អប្រសើរឡើងថែមទៀត។ ពិសេសនៅចំពោះមុខនេះត្រូវបង្កើនការយកចិត្តទុកដាក់សហការ លើកកម្ពស់ អំពើល្អ និងគុណភាពសេវាសាធារណៈ បង្កើនការទប់ស្កាត់បទល្មើសនានា។ ពិសេសបញ្ហាបទល្មើសគ្រឿងញៀន និងបង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបញ្ហាតម្រូវការខ្វះខាត ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោកក៏បានផ្ដាំផ្ញើដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ បង្កើនស្មារតី រួមគ្នាថែរក្សាសុខសន្តិភាព ដឹងគុណ និងអរគុណសន្តិភាព គិតគូរពីផលប្រយោជន៍របស់ប្រជាជន និងគណបក្ស ពង្រឹងគុណភាព មន្ត្រីឲ្យបានកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដោយសមាជិក ម្នាក់ៗត្រូវកសាងទំនាក់ទំនងល្អ ជាមួយប្រជាជន លើកកម្ពស់ការចូលរួមពង្រឹងសមត្ថភាពនិងអនុវត្តការងារប្រកបដោយគុណធម៌ ដើម្បីសម្រេចភារកិច្ច ជូនប្រជាជន និងជូនជាតិមាតុភូមិ និងគណបក្ស ឱ្យបានសម្រេចលទ្ធផល កាន់តែប្រសើរឡើងថែមទៀត។
ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានឧបត្ថម្ភ ដល់សមាជិកគណបក្សក្រុងកំពតនិងស្រុកទឹកឈូ ដែលមានការចួលរួមសរុបចំនួន៩៤នាក់ ក្នុងម្នាក់ៗថវិកា៥ ម៉ឺនរៀល និងឧបត្ថម្ភគណបក្សស្រុកទឹកឈូ និងក្រុងកំពត ចំនួន១លានរៀល ស្មើគ្នាផងដែរ៕