(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ថាចំពោះសារលិខិត សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលបានថ្លែងក្នុងទិវា «សន្ដិភាពអន្ដរជាតិ» ថ្ងៃទី២១ កញ្ញាកន្លងមកថ្មីៗនេះគឺត្រូវបានប្រជាជាតិខ្មែរអ្នកលេង Facebook បានស៊ែរចែករំលែកយ៉ាងកក្រើករញ្ជួយផែនដីខ្មែរ ក្នុងន័យសម្ដែងនូវការដឹងគុណ-អរគុណសន្ដិភាពយ៉ាងរីករាយជាទីបំផុត។
នេះសរឲ្យឃើញថា «សន្ដិភាព» ពិតជាមានគុណតម្លៃណាស់គឺថ្លៃជាងអ្វីៗទំាងអស់សម្រាប់សង្គមខ្មែរ ព្រោះពាក្យនេះកំពុងស្ថិតក្នុងសន្ដានចិត្ដ សតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះការចង់រស់នៅដោយភាពសុខដុមរមនា។ ពីព្រោះសង្គមខ្មែរធ្លាប់ទទួលរងនូវការគំរាមកំហែង ភ្នក់ភ្លើងសង្រ្គាមផ្ទៃក្នុង អស់រយៈពេលប្រមាណ៥០០ឆ្នំាកន្លងមក ស្ទើររលត់សាបសូន្យផុតពីលោកសន្និវាស។
លោក រត្ន័ សណ្ដាប់ បន្ដថាក្នុងសង្គមខ្មែរគ្រប់កាលៈទេសៈ គ្រោះមហន្ដរាយដ៏កាចសាហារកន្លងមក បានក្រាលដោយឈាមទឹកភ្នែកនឹងគំនរឆ្អឹងរាយប៉ាយស្ទើរ ក្លាយជាភ្នំគ្រប់ទីកន្លែងនៃផ្ទៃប្រទេស។ បច្ចុប្បន្នស្នាមងងឹតដ៏ខ្លោចផ្សាពីអតីតកាលបានជំនូសជាស្នាមញញឹមយ៉ាងស្រស់បំព្រងនៅលើទឹកដីអង្គរដ៏ស្រស់បវរ។ នេះគឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងរាជរដ្ឋាភិបាលដោយចង់ឃើញនូវស្នាមញញឹមនេះ ចាក់ឫសជាប់ប្រជាជាតិខ្លួនជារៀងដរាប។
បើដូចនេះដើម្បីរក្សាបាននូវមរតកសន្ដិភាពដ៏ប្រពៃថ្លៃថ្លានេះ គឺប្រជាពលរដ្ឋចំាបាច់ត្រូវតស៊ូដើម្បីបំបាត់សង្រ្គាមផងដែរ ពីព្រោះគ្មានការរក្សាបានសន្ដិភាពណា ដោយពុំមានការប្រុងប្រយ័ត្ននោះទេ។ ហេតុនេះប្រជាពលរដ្ឋត្រូវរួមចំណែកឲ្យបានខ្លំាងក្លាបំផុត ដើម្បីការពារសន្ដិភាពព្រោះជាបញ្ហារបស់យើងទំាងអស់គ្នា។ ស្ថិតក្នុងបរិការនេះ ប្រជាពលរដ្ឋគឺជាសសរទ្រូង និងជាគ្រឹះដ៏រឹងមំាសម្រាប់ទ្រសន្ដិភាពដើម្បីបញ្ចៀសសង្រ្គាម។ ក្នុងនោះចំពោះមុខត្រូវមានភារកិច្ចទទួលខុសត្រូវខ្ពស់ដើម្បីការពារ កសាង មាតុភូមិជាទីស្នេហារបស់យើង។ ពីព្រោះផែនដីនិងប្រជាជាតិដ៏កម្សត់មួយនេះ បានឆ្លងកាត់នូវទុក្ខវេទនានៃសង្រ្គាមរុំារ៉ៃដែលមិនអាចគណនាអស់។ ហេតុនេះប្រជាជាតិខ្មែរត្រូវខិតខំរៀនសូត្រ និងស្វែងយល់អំពីមេរៀនប្រវត្ដិសាស្រ្ដដ៏កំសត់ពីអតីតកាល រហូតទម្រំាបាននូវសន្ដិភាព ការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាពេញលេញដូចពេលនេះ។
ជាចុងក្រោយ រត្ន័ សណ្ដាប់ បញ្ជាក់ថា ក្នុងស្មារតីនេះចំពោះភារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរដ៏ចម្បងយ៉ាងពិសិដ្ឋនោះ គឺការប្រឆំាងនូវគោលនយោបាយភូតភរ បោកបញ្ឆេតរបស់អ្នកនយោបាយក្លែងក្លាយ ដែលជារឿយៗតែងរុញសង្គមឲ្យធ្លាក់ចូលវិនាសសកម្មសង្រ្គាម។ ក្នុងករណីនេះបើប្រជាពលរដ្ឋលង់អារម្មណ៍ ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយទៅលើវោហាសាស្រ្ដ ឬនយោបាយដែលគ្មានការទទួលខុសត្រូវនោះទេ គឺអាចនឹងនំាមកនូវគ្រោះថ្នាក់ដ៏ធំធេង ដល់សង្គមជាតិទំាងមូលតែមួយប៉ប្រិចភ្នែក។
ប្រជាពលរដ្ឋត្រូវដឹងថា «សត្រូវសន្ដិភាពគឺសង្រ្គាម»។ បានសេចក្ដីថា «សន្ដិភាពជានគររបស់ព្រះ រីឯសង្រ្គាមជានគររបស់មា»។ សព្វថ្ងៃនយោបាយរបស់នគរមា កំពុងបំពុលប្រជាជាតិខ្មែរក្រោមលេសប្រជាធិបតេយ្យ នឹងសិទ្ធិមនុស្សក្លែងក្លាយដោយសាបព្រោះនូវការបោកបញ្ឆោតបំភ័ន្ដមតិប្រជាជាតិខ្មែរ ដោយមូលបង្កាច់គ្រប់មធ្យោបាយនឹងគ្រប់រូបភាពដើម្បីប្រឆំាងនឹងនគរព្រះ ក្នុងការសំដៅបំផ្លាញនូវការអភិវឌ្ឍនិងភាពសុខសាន្ដសង្គមជាតិ។
បញ្ហានេះប្រជាជាតិខ្មែរត្រូវឈ្លាសវៃ ត្រូវស្វែងយល់អំពីមេរៀនពីអតីតកាលដ៏ល្វីងជូរចត់ ពិសេសត្រូវស្វែងយល់អំពីទង្វើនឹងផ្នត់គំនិតនយោបាយរបស់នគរមា «សង្រ្គាម» ដែលជានគរប្រឆំាងនឹងនគរព្រះ«សន្ដិភាព»។ បើដូច្នេះជានិច្ចកាលប្រជាជាតិខ្មែរត្រូវចោទសួរខ្លួនឯងថា តើត្រូវធ្វើខ្លះនិងមានលទ្ធភាពធ្វើអ្វីខ្លះដើម្បីជាតិ មាតុភូមិ មានសន្ដិភាពតរៀងទៅ !?!៕