(កំពង់ឆ្នាំង)៖ គោប្រជាពលរដ្ឋចំនួន១៣ក្បាល នៅក្នុងភូមិអ្នកតាហាង ឃុំអ្នកតាហាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានចោរចូលលួចដល់ក្នុងក្រោលនៅពេលយប់ចំនួន២ដង ដោយនៅថ្ងៃទី០៤ បាត់អស់៨ក្បាល និងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បាត់អស់៥ក្បាលទៀត។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង នូវអំពើចោរកម្មផ្ទួនៗគ្នាខាងលើនេះដោយសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចនគរបាល មេត្តាជួយស្រាវជ្រាវចាប់មុខសញ្ញាចោរលួចគោ និងបក្ខពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ បើមិនដូច្នោះទេពួកគាត់នៅតែរងារដេកមិនលក់ឡើយ។
លោក ស៊ិន សារ៉ាត់ អាយុ៥៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអ្នកតាហាង ឃុំអ្នកតាហាង ស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានឱ្យដឹងថា ចោរចូលលួចគោលើកទី១ នៅយប់ថ្ងៃទី០៤ ខែកញ្ញា ប្រជាពលរដ្ឋក្នុងភូមិ២គ្រួសារ បានបាត់គោឈ្មោលចំនួន៨ក្បាលពីក្រោល នៅពេលយប់អំឡុងម៉ោង១ ទៅម៉ោង២យប់ រំលងអាធ្រាត។ ដោយមុនពេលកើតហេតុពីថ្ងៃ គេសង្កេតឃើញមានឈ្មួញជិះម៉ូតូមករកទិញគោជាច្រើននាក់ ហើយពេលយប់ឡើងក៏បានបាត់គោអស់៨ ក្បាលតែម្តង គឺសុទ្ធតែជាគោល្អៗសំរាប់ទឹមរទេះដឹកភ្ញៀវទេសចរណ៍បរទេស ពីកាប៉ាល់មាត់ទន្លេមកកំសាន្តមើលវត្តកំពង់ត្រឡាចក្រោម ក្នុងភូមិអ្នកតាហាង ដោយក្នុងគោ១ នឹមៗ ដែលបាត់នោះមានតម្លៃជិត៣ពាន់ដុល្លា។
ដោយឡែក លោក យ៉ែម សុគន្ធ អាយុ៥១ឆ្នាំ និងអ្នកស្រី យឹម សាម៉ុន អាយុ៥៤ឆ្នាំ ជាប្រជាពលរដ្ឋដែលបាត់គោញីល្អៗចំនួន៥ក្បាល កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ក៏បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុម៉ោង១១យប់ គោញីរបស់គាត់ទាំង៥ក្បាលនៅក្នុងក្រោលនៅឡើយ លុះព្រឹកឡើងទើបគាត់ដឹងថា ចោរលួចគោអស់ពីក្រោល និងនៅផ្ទះអ្នកស្រុក ដែលនៅក្រោយផ្ទះរបស់គាត់មានឆ្កែ៤ ក្បាលត្រូវចោរបំពុលងាប់អស់ ទើបវាធ្វើសកម្មភាពចូលលួចគោរបស់គាត់តែម្ដង។
បុរសនិងស្ត្រីជាម្ចាស់គោ បានបញ្ជាក់ឱ្យដឹងទៀតថា ការពិតគោទាំង៥ក្បាលនេះ គឺ៣ក្បាលជាគោរបស់គេប្រវាស់ជាមួយគាត់ ចំណែកគាត់មានគោតែ២ក្បាលប៉ុណ្ណោះ សរុបទៅគោទាំង៥ក្បាលនេះមានតម្លៃប្រមាណ៥ពាន់ដុល្លា គាត់មិនដឹងថាមានលុយឯណាសងថ្លៃគោឱ្យម្ចាស់គេនោះទេ បើពួកគាត់ក្រីក្រយ៉ាងនេះ។ ករណីនេះស្នើសុំអាជ្ញាធរ និងសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវរក គោឱ្យគាត់វិញផង និងតាមចាប់ចោរលួចគោទាំងនេះឱ្យអស់ទើបប្រជាពលរដ្ឋអស់ទុក្ខភ័យ។
ជុំវិញករណីនេះដែរ លោក យី សារ៉ា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ត្រឡាច នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា តាមការស្រាវជ្រាវករណីបាត់គោ ទាំង២លើកខាងលើនេះ គឺមានក្រុមចោរមកពីក្រៅ អាចមានបក្ខពួកច្រើននាក់ ក្រោយពីបានដើរលួចគោតាមក្រោលបានហើយ ពួកវាបានប្រើរថយន្តឃ្លប់ដឹកគោចេញ ទៅក្រៅស្រុក ព្រោះមានប្រជាពលរដ្ឋបានឃើញឡានកូរ៉េឃ្លប់ចំណុះ៣តោន បើកចេញពីភូមិនៅពេលយប់ក្រោយពេលកើតហេតុ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់មុខសញ្ញាចោរលួច និងបក្ខពួកជាដៃជើង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ដោយឡែកលោកស្រី ពេជ ស្រីល័ក្ខ ជំទប់ទី២ឃុំកំពង់ត្រឡាច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ក្រោយពេលចោរលួចគោលើកទី២អស់៥ក្បាលពីយប់ ព្រឹកឡើង លោកស្រីបានចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុជាមួយនគរបាលប៉ុស្តិ៍បានដឹងថា ពួកចោរអាចនឹងមានរនុកក្នុងឱ្យដៃ ចូលមកលួចគោអ្នកស្រុក ដោយវាបានលួចគោពីក្រោលដឹកតាមផ្លូវកាត់ព្រៃក្រោយផ្ទះម្ចាស់គោប្រមាណជា៤០០ម៉ែត្រ ទើបយកគោទាំង៥ក្បាលទៅឡើងរថយន្តនៅផ្លូវមួយផ្សេងទៀត ដែលករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវ មុខសញ្ញាជារនុកក្នុង ដើម្បីបន្តទៅចាប់មេចោរដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕