(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំដល់និស្សិតជយលាភីអាហារូបករណ៍ រដ្ឋាភិបាលជប៉ុន, អូស្រ្ដាលី និងណូវែលហ្សេឡង់ សរុប៣១នាក់ ត្រូវខិតខំប្រឹងប្រែងស្វែងសិក្សា ស្រាវជ្រាវ ពង្រឹងសមត្ថភាព និងត្រូវគោរពវិន័យ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានជំរុញលើកទឹកចិត្ដដល់និស្សិតទាំងអស់ ត្រូវសិក្សា និងដកស្រង់បទពិសោធន៍ល្អៗពីការអភិវឌ្ឍរបស់ប្រទេសគេ ដើម្បីយកមកបម្រើប្រទេសជាតិវិញ និងបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល បានធ្វើឡើងក្នុងឱកាសដែលលោកអនុញ្ញាតឱ្យនិស្សិតជយលាភីអាហារូបករណ៍ទាំង៣១នាក់ខាងលើនេះ ចូលជួបសម្ដែងគារវកិច្ច និងផ្ដល់អនុសាសន៍ណែនាំជាពុទ្ធិបន្ថែមដល់ការសិក្សា និងការអភិវឌ្ឍរបស់និស្សិត ដែលប្រព្រឹត្ដទៅ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួង។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងកោតសរសើរ និងអបអរសាទរដល់និស្សិត ដែលបានខិតខំរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស និងជំរុញលើកទឹកចិត្ដដល់និស្សិត បន្ដប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងបន្ដថា «បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ មិនទាន់បានបញ្ចប់ទេ ដូច្នេះសូមបន្ដប្រុងប្រយ័ត្នជាប់ជានិច្ច កុំឱ្យមានបញ្ហាសុខភាពឱ្យសោះ ព្រោះវាសំខាន់ណាស់ បើសុខភាពមិនល្អ ការសិក្សាចុះខ្សោយ មិនអាចឈានទៅដល់គោលដៅជោគជ័យរបស់យើងឡើង»។
សូមជម្រាបថា និស្សិតដែលដែលត្រូវចេញដំណើរទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យាល័យផ្សេងៗនៅប្រទេសជប៉ុន នៅខែក្រោយនេះ និងប្រទេសអូស្ដ្រាលី ជាមួយណូវែលហ្សេឡង់នៅខែមករា ដើមឆ្នាំ២០២១ខាងមុខនេះ។
កម្មវិធីអាហារូបករណ៍នេះ មានគោលបំណងចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ សម្រាប់ការបណ្ដុះបណ្ដាលលើគ្រប់វិស័យ ជាពិសេស វិស័យសំខាន់ៗមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការគ្រប់គ្រងដីធ្លី សេវាសាធារណៈ បច្ចេកវិទ្យា អប់រំ និងវិស័យកសិកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាវិញ ស្របតាមជំនាញ និងសក្ដានុពលរៀងៗខ្លួន៕