(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍-AIMS) បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ដើម្បីធានាដល់តម្លៃ និងពង្រីកទីផ្សារកសិផលរបស់ខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត។
អនុស្សារណៈយោគយល់គ្នាស្តីពីការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម បានធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងលោក យុទ្ធភូមិ ចារើនស៊ុក នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា)។
លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលដៅសំខាន់ៗមួយចំនួនរួមមាន៖ បង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈគូភាគី, កំណត់រកឱកាសសម្រាប់សកម្មភាពសហការគ្នា និងកម្មវិធីនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់គូភាគី, បង្កើតឱកាសសហការដែលបានកំណត់ ស្របទៅតាមគោលដៅ អត្ថប្រយោជន៍ និងគំរូអាជីវកម្មសំខាន់ៗរបស់ភាគីនីមួយៗ, ធ្វើជាដៃគូយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈម និងនិរន្តភាពនៅក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម ផលិតផលកែច្នៃក្នុងស្រុក ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងបញ្ហាទីផ្សារ។
លោករដ្ឋលេខាធិការបានបន្ថែមថា ការចុះអានុស្សារណៈនេះ ជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តការដ៏មានសំខាន់មួយរវាងភាគីទាំងពីរ។ ជំហ៊ានជាយុទ្ធសាស្រ្តបន្ទាប់ទៀត ភាគីទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តការលើផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលអង្ករ ក៏ដូចជាផលិតផលដែលគ្រោងនឹងពង្រីកវិសាលភាពអនុវត្ត និងផលិតផលសម្រេចរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផ្សេងៗទៀត ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ជាពិសេសរួមចំណែកដល់ការលើកស្ទួយយុទ្ធនាការប្រើប្រាស់ផលិតផលក្នុងស្រុកស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) គម្រោងនេះដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ ដោយប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវ៉ាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។
រយៈពេលបីខែចុងក្រោយនេះ ក្រុមការងារគម្រោងអេមស៍នៅការិយាល័យមណ្ឌលភូមិភាគពាយព្យ ជាពិសេសក្រុមការងារគម្រោងខេត្តសៀមរាប បានសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តការរវាងក្រុមកសិករដាំបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ស្រែជាមួយនឹងផ្សារម៉ាក្រូ ដែលទទួលបាននូវសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ហើយផ្សារម៉ាក្រូខេត្តសៀមរាប បានទទួលទិញបន្លែសុវត្ថិភាពពីក្រុមកសិករផលិតរបស់គម្រោងអេមស៍ចំនួន ៤,៣២០គីឡូក្រាម និងបានទិញមាន់ស្រែចំនួន ១៥៦គីឡូក្រាម។
ដោយឡែកផ្សារម៉ាក្រូនៅភ្នំពេញវិញ បានទទួលទិញបន្លែពីក្រុមកសិករផលិតនៅការិយាល័យមណ្ឌលភូមិភាគបូព៌ា និងឦសាន ពិសេសក្រុមកសិករផលិតនៅខេត្តកំពង់ចាម៕