(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ខាងមុន នឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ (World Tourism Day 2020) ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ នៅខេត្តសៀមរាប។
តាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែកញ្ញានេះ បានឱ្យដឹងថា ទិវាទេសចរណ៍ពិភពលោកនេះ តែងតែត្រូវបានរៀបចំជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៧ ខែកញ្ញា ទូទាំងពិភពលោក។
ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានារៀបចំកិច្ចការមួយចំនួន រួមមាន៖
១៖ រៀបចំប័ណ្ណផ្សព្វផ្សាយ បដាពាក្យស្លោក ដាក់តាំងបង្ហាញតាមស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ទីសាធារណៈ តាមដងផ្លូវចម្បងៗ ចាប់ពីថ្ងៃទទួលបានសារាចរនេះតទៅ។
២៖ រៀបចំកម្មវិធីធ្វើអនាម័យតាមស្ថាប័ន និងទីសាធារណៈខាងលើ ដោយមានការចូលរួមពីមន្ត្រីរាជការ ផ្នែកឯកជន គ្រូបង្រៀន សិស្ស-និស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
៣៖ រៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ ក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ គ្រូបង្រៀន សិស្ស-និស្សិត អាជីវករ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ការរៀបចំកម្មវិធីនេះត្រូវគោរពតាមវិធានសុវត្ថិភាព និងសុខភាពប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ ដែលចេញដោយក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀត។
ខ្លឹមសារនៃកម្មវិធីត្រូវផ្ដោតសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការចូលរួមអភិវឌ្ឍតំបន់ជនបទ ដោយត្រូវមានរបៀបវារៈមួយចំនួន ដូចជា៖
* ការអានសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
* បទបង្ហាញនានាផ្ដោតលើការអភិវឌ្ឍជនបទតាមរយៈវិស័យទេសចរណ៍ ស្របតាមឯកសារបច្ចេកទេសដែលក្រសួងទេសចរណ៍បានណែនាំ និងប្រគល់ជូន។
* ចំណាប់អារម្មណ៍របស់តំណាងស្ថាប័នពាក់ព័ន្ធ សហគមន៍ទេសចរណ៍ អាជីករក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
៤៖ ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរខាងលើប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចូលរួមការប្រារព្ធកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០នេះ ដែលរៀបចំដោយក្រសួងទេសចរណ៍នាពេលដ៏ខ្លីខាងមុខ នៅខេត្តសៀមរាប និងទទួលយកខ្លឹមសារនានាទៅផ្សព្វផ្សាយបន្តតាមរាជ-ធានីខេត្តរបស់ខ្លួន។
ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា នៅពេលទទួលបានសារាចរណែនាំនេះហើយ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តសកម្មភាពនានា ស្របតាមការណែនាំខាងលើ ដោយស្មារតីសហការ និងទទួលខុសត្រូវខ្ពស់៕