(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់យ៉ាងច្បាស់ថា ស្រះដែលស្ថិតនៅក្នុងទីក្រុងរណប «ហ្រ្គេនភ្នំពេញ» គឺជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ពុំមានជាទ្រព្យសម្បត្តិសាធារណៈ របស់សាលារាជធានីភ្នំពេញទេ។
លោកអភិបាលសង្កត់ធ្ងន់ថា «ការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្លាយជាទង្វើរំលោភមាត្រា៨៥ និងមាត្រា៨៨ នៃច្បាប់ភូមិបាល ហេតុដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ ពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់បានឡើយ»។
ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋមួយចំនួនតូចរស់នៅក្នុងបុរីទីក្រុងរណប អន្តរជាតិហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី រួមមាន៖ លោកបណ្ឌិត អ៉ិន ចាន់នី, លោកឧកញ៉ា ហ៊ុន ឡាក់, ទន្តបណ្ឌិត ទិត ហុងយឺ, លោក កួយ គាំងហៀង, លោក ព ពណ្ណារាយ, លោក ឃុន ហួន, លោក ចៅ ប៊ុនហ៊ាន, លោក សេង ចំរើន, លោក ទ្រី ម៉េងអាន, លោក សុត វីរៈ, លោក ហ៊ាង សុភាព, លោក លី តុងហួរ និង លោក ខៀវ សាម៉េត បានដាក់លិខិតស្នើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេនកែងផ្លូវ ខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណបអន្តរជាតិហ្វ្រេនភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបានសំណើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ដែលមានបណ្ដោយប្រវែងប្រមាណ៤២៣ម៉ែត្រ និងទទឹងប្រវែងប្រមាណ២៤៥ម៉ែត្រ ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេន កែងផ្លូវខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណប អន្តរជាតិហ្គ្រេនភ្នំពេញរួចមករដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីចុះស្រាវជ្រាវ និងរកឯកសារពាក់ព័ន្ធ ពិនិត្យឃើញថា ស្រះទឹកខាងលើនេះ ពុំមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយឯកសារ ទៀតសោត ស្រះទឹកនេះមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខភព ១២៨៩៨ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលបានទិញពីក្រុមហ៊ុនវ៉ាយ អិល ភី គ្រុប។
យោងតាមច្បាប់ភូមិបាល មាត្រា៨៥ ចែងថា «កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់ អាស្រ័យផលនិងចាត់ចែងទ្រព្យរបស់ខ្លួនផ្តាច់មុខនិងទូលំទូលាយ...» និង មាត្រា៨៨ ចែងថា «កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចរៀបចំ ឬកែប្រែបានដោយសេរីនូវប្រភេទនិងរចនាសម្ព័ន្ធដើមនៃទ្រព្យរបស់ខ្លួន ស្របតាមការប្រើប្រាស់ដែលខ្លួនចង់ធ្វើតាមការកំណត់នៃច្បាប់»។
ផ្នែកតាមលិខិតឆ្លើយតបរបស់សាលារាជធានីភ្នំពេញខាងលើនេះ មានន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាកម្មសិទ្ធិករស្របច្បាប់ ហេតុដូច្នេះ សូមអ្នកពាក់ព័ន្ធទាំងអស់លើការតវ៉ានេះ ចូលរួមសហការជាមួយក្រុមហ៊ុន ជីបម៉ុង លែន ក្នុងការអភិវឌ្ឍគម្រោងអភិវឌ្ឈន៍ស្រះទឹកនេះជាសួនឧទ្យាន សម្រាប់បម្រើដល់ផលប្រយោជន៍រួមរបស់សហគមន៍អ្នករស់នៅក្នុងហ្គ្រេនភ្នំពេញ៕