(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសពិសេសរវាងលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ម៉ៅ សុផាន់ ដែលជួបពិភាក្សាសម្ងាត់ ជាមួយលោក ជុន ច័ន្ទបុត្រ បានទម្លាយអាថ៌កំបាំងមួយថា នៅពេលជួបពិភាក្សាជាមួយលោក, លោក ជុន ច័ន្ទបុត្រ បានសម្តែងការព្រួយបារម្ភជាខ្លាំងដោយខ្លាច CIA របស់អាមេរិក បាញ់សម្លាប់ពេលលោកមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងលោក លឹម ជាវុត្ថា ជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖
លោក លឹម ជាវុត្ថា៖ នាពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចេញពីទីក្រុងស៊ីដនី បានទម្លាយថា លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ពេលលេងស្រុកកំណើត នៅប្រទេសកម្ពុជា សុំពឹងឯកឧត្តមឱ្យជួយការពារសុវត្ថិភាព ព្រោះលោកព្រួយបារម្ភខ្លាចភ្នាក់ងារសម្ងាត់ CIA របស់អាមេរិក លួចបាញ់សម្លាប់ ដូចលោកបណ្ឌិត កែម ឡី។ ចំពោះករណីនេះ ឯកឧត្តមអាចរៀបរាប់ ដើម្បីជំរាបជូនសាធារណជនជ្រាបបានទេ ?
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ដំបូងឡើយអតីតបុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់គឺលោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល បានមកជួបខ្ញុំនៅបន្ទាយម៉ោង៧យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ជុន ចាន់បុត្រ បានផ្ញើសារតាម Whats App មកខ្ញុំ មុនប្រមាណ១សប្តាហ៍មកហើយ ដោយលោក ជុន ច័ន្ទបុត្រ សុំកម្លាំងរបស់កងពលតូចលេខ៧០ ដើម្បីការពារខ្លួន ព្រោះខ្លាច CIA អាមេរិកតាមបាញ់សម្លាប់ លោក ជុន ច័ន្ទបុត្រ ដូចសម្លាប់លោក កែម ឡី។ ក្រោយមកនៅម៉ោង១០យប់ថ្ងៃដដែល ខ្ញុំបានចាត់ចែងកម្លាំង៣នាក់ ដើម្បីការពារពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រហូតដល់ម៉ោង១១៖៥៤នាទីយប់ ថ្ងៃទី២២ ខែមីនាដដែល កម្លាំងរបស់ខ្ញុំ បានតាមការពារពីក្រោយ ដោយលោក ជុន ច័ន្ទបុត្រ បានជិះឡាន ឡិចស៊ីស៤៧០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2S-0789 តាមការពាររហូតដល់សណ្ឋាគារ សាន់វ៉េ ហើយលោកបានប្រាប់ពីខាងក្នុងមកថា សន្យាផ្តល់ព័ត៌មានមកឲ្យយើងវិញ។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ឈ្មោះ រដ្ឋា វិសាល បានរៀបចំឲ្យមានការទទួលទានបាយរវាងខ្ញុំ និងលោក ជុន ច័ន្ទបុត្រ ដោយមានកម្លាំងរបស់ខ្ញុំតាមការពារផងដែរ។ ក្នុងពេលទទួលទានបាយមានរយៈពេល១៖៤៥នាទី យើងបានជជែករឿងរ៉ាវជាច្រើន។ ខ្ញុំមានខ្សែអាត់សម្លេងទាំងស្រុង នៃការសន្ទនារវាងខ្ញុំ និងលោក ជុន ច័ន្ទបុត្រ ថែមទៀត។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់បន្ថែមថា លោក ជុន ច័ន្ទបុត្រ ធ្លាប់បាននិយាយប្រាប់ថាពេលគាត់មកប្រទេសកម្ពុជា រូបគាត់ (ជុន ច័ន្ទបុត្រ) បានគិតរួចហើយថា នឹងមិនមានជីវិតរស់នៅទៀតទេ ដោយហេតុថាមុនមកដល់កម្ពុជា ខាងអាស៊ីសេរីនៅវ៉ាស៊ីនតោន បានឲ្យគាត់ចុះហត្ថលេខាលើលិខិតស្នាមមួយដែលឲ្យមិនមានការប្តឹងផ្តល់ ប្រសិនបើមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពេលមកដល់ប្រទេសកម្ពុជា។ ត្រង់ចំណុចនេះហើយដែលលោក ជុន ច័ន្ទបុត្រ គិតថាខ្លួននឹងអស់ជីវិត នៅលើទឹកដីកម្ពុជា ដោយសារ CIA ហើយទម្លាក់កំហុសលើរាជរដ្ឋាភិបាល ទើបលោកសុំកម្លាំងពីរាជរដ្ឋាភិបាលការពារខ្លួន។
លោក លឹម ជាវុត្ថា៖ តើលោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានអ្វីខ្លះឲ្យឯកឧត្តម ?
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ពិតប្រាកដណាស់លោក ជុន ច័ន្ទបុត្រ តែងតែផ្តល់ព័ត៌មានជាសំងាត់ផ្សេងៗតាមរយៈលោក រដ្ឋា វិសាល មកកាន់រូបលោក។ កន្លងមកលោកធ្លាប់បានប្រាប់ពីរឿងរ៉ាវលំបាកមួយចំនួននៅវិទ្យុអាស៊ីសេរី ហើយថានឹងចង់ចាកចេញពីវិទ្យុបរទេសមួយនេះ ប៉ុន្តែមិនដឹងចាកចេញដោយវិធីណានោះទេ។ លោក ជុន ច័ន្ទបុត្រ ធ្លាប់បាននិយាយប្រាប់ខ្ញុំថា ធ្វើការនៅទីនោះត្រូវតែធ្វើការតាមពួកគេ (អាមេរិក) គេឲ្យនិយាយអ្វីត្រូវធ្វើតាមគេ បើមិនធ្វើតាមគេ គេនឹងសម្លាប់ចោល។
សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា លោក ជុន ចាន់បុត្រ ធ្លាប់បានពឹងពាក់ឲ្យ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី។
ខាងក្រោមនេះជាសារឆ្លងឆ្លើយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលបង្ហាញថា៖ លោក ជុន ច័ន្ទបុត្រ មានបំណងចង់ជួប និងរាយការណ៍ព័ត៌មានសម្ងាត់ជូនសម្តេចតេជោ៕