(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការអន្តរក្រសួងនៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែងទាំង ៣៨ ដើម្បីរៀបចំលើកគម្រោងស្ថាបនាស្របតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៤ ខែកញ្ញា។
ការចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែងទាំង ៣៨ ខ្សែនៅក្រុងសៀមរាបនេះ មានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ នៅក្នុងឱកាសចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែងទាំង ៣៨ខ្សែ ខាងលើនេះ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងស្ថានីយបូមទឹកកខ្វក់ផងដែរ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។ ជាមួយគ្នានេះ សម្តេចក៏ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ គណៈកម្មការនេះដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាអនុប្រធាន និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាអនុប្រធានអចិន្រ្តៃយ៍។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ៕