(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយ សមាគមមិត្តភាពពាណិជ្ជករចិន ទា ជីវ នៅកម្ពុជា (ភោជនីយដ្ឋាន ឡោវទីហ្វាង) នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជា ទទួលបាននូវស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគឈរលើគោលការណ៍ មានស្ថេរភាពនយោបាយល្អ ដើម្បីជំរុញអាជីវកម្ម និងផលិតកម្ម ក្នុងកាលៈទេសៈវិស័យកាត់ដេរ វេយនភ័ណ្ឌជួបបញ្ហាលំបាក ក៏រាជរដ្ឋាភិបាលបានដោះស្រាយ កញ្ចប់ថវិកា ជូនដល់កម្មករ និងកម្មការិនី។

ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះគោលនយោបាយ សុខដុមភាវូនីយកម្ម ជាតិសាសន៍ និងសាសនាបានបង្កលក្ខណៈឲ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ ដែលរស់នៅក្នុងប្រទេសកម្ពុជា អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសយើងទាំងអស់គ្នា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន សូមអបអរសាទរ និងកោតសរសើរ ចំពោះសមាគម ក្រោមការដឹកនាំរបស់លោក ជាង ស៊ីចុង ជាប្រធានសមាគម និងដោយមានការជជ្រោមជ្រែងពីសំណាក់លោកឧកញ៉ា អ៊ឹង លីហេង ប្រធានកិត្តិយសសមាគមមិត្តភាពពាណិជ្ជករចិន ទា ជីវ នៅកម្ពុជា និងសហការីបានបំពេញ តួនាទីរបស់ខ្លួនតាមភារកិច្ចបានយ៉ាងល្អទៅតាមលក្ខន្តិកៈរបស់សមាគម ហើយក៏បានចូលរួមយ៉ាងសកម្មផងដែរនៅក្នុង ការងារមនុស្សធម៌ ការងារសង្គម និងបាន ពង្រឹងសហគមនធុរៈកិច្ច សហគមពាណិជ្ជកម្ម ទំនាក់ទំនង សិល្បៈ វប្បធម៌ រវាងប្រជាជាតិនៃប្រទេសទាំងពីរបានយ៉ាងល្អប្រសើរ។

លោកស្រីឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់សមាគម ក៏ដូចជាពាណិជ្ជករចិនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានជំនឿទុកចិត្តមកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍ និងការបង្កើនឱកាស ការងារដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស តាមរយៈការប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះយោបល់ ដើម្បីដាក់ទុនវិនិយោគ ធ្វើអាជីវកម្ម និងជួយឧបត្ថម្ភសមាជិក ដើម្បីទទួលបានផលចំណេញដល់សមាជិកផង ដល់សង្គមជាតិផង។ កម្ពុជាតែងតែ គាំទ្រនយោបាយការបរទេសចិន ជាពិសេស គោលនយោបាយចិនតែមួយស្តីពី ការផ្តួចផ្តើមគំនិត «ខ្សែក្រវ៉ាត់ និងផ្លូវ»។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន សូមចូលរួមអបអរសាទរខួបលើកទី៧១ នៃថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងសូមចូលរួមអបអរសាទរ ក្នុងពិធីបុណ្យសែនព្រះខែចិន ដែលពិធីបុណ្យសែនព្រះខែនេះ មានលក្ខណៈស្រដៀងគ្នា ទៅនឹងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែរបស់ខ្មែរផងដែរ៕