(ស្វាយរៀង)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (អ.ក.ស.ជ) សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ រូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ដល់សមាជិកក្រុមប្រឹក្សាសម្មភាពជនពិការខេត្តស្វាយរៀង។
សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព លោកស្រី ប្រាក់ ថាវៈភារី អគ្គលេខាធិការង តំណាងលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអ.ក.ស.ជ និងជាសមាជិកអចិន្ត្រៃយ៍ និងលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាសមាជិកាក.ស.ជ តំណាងអភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្វាយរៀង ព្រមទាំងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង និងលោក លោកស្រី ជាអភិបាលរងក្រុងស្រុកទាំង៨ និងអង្គភាពដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកស្រី ប្រាក់ ថាវៈភារី បានថ្លែងថា សិក្ខាសាសាផ្សព្វផ្សាយនេះ ក្នុងគោលបំណងជំរុញ ការធ្វើបរិយាបន្នពិការភាព ទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ធ្វើយ៉ាងណាឲ្យក្រុមគោលដៅ ដែលជាជនមានពិការភាព ទទួលបានអត្ថប្រយោជន៍ ចាកផុតពីអនក្ខរភាព ភាពក្រីក្រ ធានាសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ជនមានពិការភាពគ្រប់រូប និងគ្រប់ប្រភេទ ឈានទៅសម្រេចឲ្យបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងបរិការណ៍ និងកាលៈទេសៈ ទទួលរងផលប៉ះពាល់ នៃវិបត្តិជំងឺកូវីដ-១៩ក្តី។
លោកស្រីបានបន្ថែមថា ក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងការជំរុញគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពអាណត្តិថ្មី បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ ជនមានការពិការភាព លិខិតុបករណ៍ជាតិ-អន្តរជាតិ ពាក់ព័ន្ធពិការភាព សំដៅជំរុញឲ្យវិស័យពិការភាពដំណើរការទៅកាន់តែល្អប្រសើរ ស្របតាមស្ថានភាពវិវត្តរបស់កម្ពុជា ក៏ដូចជាពិភពលោក។
បើតាមលោកស្រី ប្រាក់ ថាវៈភារី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាពជាការងារអាទិភាព នៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ អំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការបង្កើតក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ការពង្រឹងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាព នៃសេវារបស់មូលនិធិជនពិការ។
ជាពិសេសកម្ពុជា បានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងការធានានូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់ជនមានពិការភាពនៅក្នុងសង្គម។
លោកស្រីបានថ្លែងជម្រាបជូន អង្គសិក្ខាសាលាទាំងមូលជ្រាបថា បច្ចុប្បន្ននៅថ្នាក់ជាតិ មានក្រសួង-ស្ថាប័ន ចំនួន២១ដែលបានបង្កើតក្រុមការងារ សកម្មភាពជនពិការ ចំណែកនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានបង្កើតទូទាំង២៥ រាជធានី-ខេត្តហើយដែរ។
ទាំងនេះបង្ហាញពីចេតនាចូលរួមសហការគ្នាដោះស្រាយ នូវរាល់បញ្ហាប្រឈមនានាជូនជនមានពិការភាព ដូចជា៖ ការទទួលយកជនពិការចូលបម្រើការងារ ទៅតាមអាត្រាកំណត់ ការបង្កលក្ខណៈងាយស្រួល ការរៀបចំនូវការសម្រសម្រួលសមស្របនៅកន្លែងធ្វើការ ការផ្តល់នូវឧបករណ៍ជំនួយដោយឥតគិតថ្លៃ រួមនឹងការស្តារកាយសម្បទា ការទទួលបានសេវាថែទាំសុខភាពសាធារណៈ ដោយឥតបង់ប្រាក់ ការផ្តល់អាហាររូបករណ៍សម្រាប់សិស្ស-និស្សិត ដែលមានពិការភាព ការផ្តល់បណ្ណក្រីក្រ សម្រាប់ជនមានពិការភាពនៅតាមសហគមន៍ ការចេញនូវលិខិតបទដ្ឋានគតិយុត្ត ដែលចង្អុលបង្ហាញអំពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅថ្នាក់ក្រោមជាតិ និងការទទួលបានសេវាយុត្តិធម៌ជាដើម។
លោកស្រីបានបន្តថា ទោះបីជាយើងបានសម្រេចនូវលទ្ធផលជាច្រើន លើវិស័យពិការភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏យើងនៅឃើញមាននូវតម្រូវការចាំបាច់ របស់ជនពិការជាច្រើនទៀត ដែលយើងទាំងអស់គ្នាត្រូវរួមសហការគ្នាដោះស្រាយ ដើម្បីឈានទៅសម្រេចឲ្យខាងតែបាន នូវការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ ដូចទិសស្លោកថា «ធ្វើឲ្យសិទ្ធិកា្លយជាការពិត»៕