(ភ្នំពេញ)៖ ដោយស្ថានភាពកូវីដ១៩ ក្នុងរយៈពេលនេះធ្វើឲ្យការខ្វះខាតថវិកា ហើយការងារមួយចំនួនត្រូវផ្អាកក៏ដោយ ក៏នៅមានកិច្ចការមួយចំនួនទៀត យើងត្រូវតែអនុវត្ត ទោះបីជាមានបញ្ហាប្រឈមខ្លាំង ហើយមន្ត្រីនៃនាយកដ្ឋានទាំងអស់គ្នា ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញភារកិច្ច និងបានអនុវត្តយ៉ាងសកម្ម ដើម្បីជួយដល់ជនរងគ្រោះឲ្យទាន់ពេលវេលា មិនថាស្ថិតក្នុងស្ថានភាពរាតត្បាតមេរោគកូវីដ១៩។
នេះជាការលើកឡើងរបស់លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងតាមដានការងារក្រុមការងារការពារជនរងគ្រោះ រៀបចំធ្វើនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា ជាការពិតណាស់យើងដឹងហើយថា បញ្ហាជួញដូរមនុស្សនេះ គឺជារឿងសកលលោក ដែលមានភាពស្មុគ្រស្មាញ ទាមទារឲ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលរួមគ្នាគិត និងដោះស្រាយ ។
លោកបានបន្តថា កិច្ចប្រជុំថ្ងៃនេះ ក៏មានគោលបំណងពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការពារ និងជួយជនរងគ្រោះ គ្រប់រូបភាព ប្រកបដោយភាពយុត្តិធម៌ និងការផ្តល់សេវា ដែលមានគុណភាព និងសមស្រប ក្នុងគោលដៅរួម ដើម្បីដោះស្រាយបញ្ហាក្នុងអំឡុងពេលរាតត្បាតមេរោគកូវីដ១៩។
លោក ញ៉ឹក វណ្ណារ៉ា បានបញ្ជាក់ថា នៅតាមក្រសួងស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាអនុប្រធាន សមាជិក នៃក្រុមការងារការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស បានអនុវត្តសកម្មភាពជាច្រើន ពិសេសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ គឺជាការងារស្នូលរបស់នាយកដ្ឋាននេះ និងជាសេនាធិការឲ្យក្រុមការងារផ្ទាល់។
បន្ថែមពីលើនេះ ការសហការនេះ ក៏ជាការបញ្ជាក់អំពីកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ន និងអង្គការ ដៃគូរួមគ្នាដោះស្រាយគ្រប់កិច្ចការ ជាច្រើនដែលធ្វើការងារជាប្រចាំ ដើម្បីទទួលជនរងគ្រោះ និងងាយរងគ្រោះ មកពីប្រទេសនានា ដើម្បីរៀបចំទុកដាក់ ទៅតាមមណ្ឌលចតាឡីស័ក នឹងរួចបញ្ជូនទៅសហគមន៏ដែលពួកគាត់រស់នៅផងដែរ។
លោក ញ៉ឹក វណ្ណារ៉ា បានបង្ហាញក្តីសង្ឃឹមថា លិខិតបទដ្ឋានគតិយុត្តិជាតិ អន្តរជាតិ ត្រូវបាននឹងកំពុងអនុវត្តន៏យ៉ាងសកម្ម និងប្រ សិទ្ធភាពនេះ ត្រូវតែបន្តឲ្យបានទូលំទូលាយ សម្រាប់ជាឧត្តមប្រយោជន៍ជួយដល់ជនរងគ្រោះ៕