(ភ្នំពេញ)៖ លោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើទស្សនកិច្ចស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីតាមដានគម្រោងអភិរក្សរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា និងអាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសចុះបំពេញទស្សនកិច្ចនេះដែរ លោក Masahiro MIKAMI បានថ្លែងកោតសរសើរដល់មន្រ្តីជំនាញ និងបុគ្គលិកទាំងជនជាតិជប៉ុន និងកម្ពុជា ដែលបន្តសហការលើការងារអភិរក្ស ទោះបីជាជួបការលំបាកមួយចំនួនដោយសារវិបត្តិកូវីដ-១៩ ក៏ដោយ។
គួរបញ្ជាក់ដែរថា ការជួសជុលស្ពានហាលនេះឡើងវិញ ក្នុងគោលបំណងដើម្បីអភិរក្ស ព្រោះតាមរយៈកំណាយស្រាវជ្រាវ អ្នកជំនាញរកឃើញថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានស្រុត និងខូចខាតផ្នែកជញ្ជាំងដោយសារថ្មបាយក្រៀមរងនូវការពុកផុយ ដែលចាំបាច់ត្រូវមានការជួសជុលជាបន្ទាន់ ដើម្បីកាត់បន្ថយការទ្រុឌទ្រោមកាន់តែធ្ងន់ធ្ងរ។
ដំណើរការជួសជុលស្ពាននេះ ទទួលខុសត្រូវដោយក្រុមការងារអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យស៊ូហ្វីយ៉ា។ ក្នុងដំណាក់កាលជួសជុលនេះដែរ គឺទាមទារជាចាំបាច់នូវអ្នកជំនាញសិក្សាលម្អិតអំពីទីតាំង សម្ភារ:ជួសជុល និងវិធីសាស្ត្រជួសជុលដើម្បីរក្សាឱ្យបាននូវលក្ខណៈដើមទាំងស្រុង៕