(ភ្នំពេញ)៖ ក្រុមជនសង្ស័យ៨នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពប្លន់ប្រជាពលរដ្ឋយ៉ាងសកម្មនៅតាមផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។ ការសម្រេចឃុំខ្លួនេះ ធ្វើឡើងដោយលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមចោរប្លន់ដ៏សកម្មនេះ ត្រូវបានតំណាងអយ្យការ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ (លួចមានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី០៣ (បី) ឆ្នាំ ទី ១០ (ដប់) ឆ្នាំ។
ក្រុមចោរប្លន់ទាំង៨នាក់រួមមានទី១៖ ឈ្មោះ ម៉ៅ សុវណ្ណារ៉ា អាយុ១៧ឆ្នាំ, ទី២៖ ឈ្មោះ ឡុង បញ្ញា អាយុ២៨ឆ្នាំ, ទី៣៖ ឈ្មោះ ទន់ សុភារិទ្ឋ អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ នួន សំណាង អាយុ២០ឆ្នាំ, ទី៥៖ ឈ្មោះ ដារា វី អាយុ១៨ឆ្នាំ, ទី៦៖ ឈ្មោះ សាវុធ ពិសី អាយុ១៨ឆ្នាំ, ទី៧៖ ឈ្មោះ ណយ សុផាន់ អាយុ២១ឆ្នាំ និងទី៨៖ ឈ្មោះ ឡេង គឹមលុយ អាយុ១៧ឆ្នាំ ដែលក្រុមនេះជាក្រុមសកម្មភាពក្នុងការធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋយ៉ាងកក្រើក នៅតាមបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ លេខ ៤១ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។
សូមរំឮកថា នាថ្មីៗនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលតាមបណ្តាខណ្ឌនានា នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានី បានស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ខេត្តកំពង់ស្ពឺ រួមទាំងអ្នកទទួលផលចោរកម្មផងនោះប្រមាណ ១៣នាក់៕