(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ បានចុះបំពេញទស្សនកិច្ច នៅទីកន្លែងមួយចំនួនក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ពីសក្តានុពលនៅតំបន់នោះ។
ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ស្ថានភាពនៃការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន និងទស្សនាសក្ដានុពលធនធានធម្មជាតិនៅតំបន់រ៉ាមសារ (តំបន់ដីសើម) តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យទាំងមូល។ ព្រមទាំងបានជួបប្រជុំដើម្បីស្ដាប់របាយការណ៍របស់ប្រធានសហគមន៍អេកូទេសចរណ៍ឃុំអូរស្វាយ ប្រធានក្រុមបរិស្ថានឧទ្យានុរក្ស ព្រមទាំងការពិភាក្សាអំពីការបន្តអភិរក្ស និងអភិវឌ្ឍធនធានក្នុងតំបន់រ៉ាមសារ និងការពង្រីកសក្ដានុពលអេកូទេសចរណ៍។
មួយវិញទៀត ទស្សនកិច្ចនជ បានពិនិត្យស្តូបប្រវត្តិសាស្ត្រដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមរាជកិច្ចរបស់ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
នៅក្នុងឱកាសនោះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក W. Patrick Murphy ក៏បានធ្វើទស្សនកិច្ចទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល (កម្ពុជា-ឡាវ) ដោយបានជួបពិភាក្សាអំពីស្ថានភាពការងារជាមួយមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារ អន្តរជាតិកម្ពុជា ឡាវ និងស្ថានភាពនៃទំនាក់ទំនងជាមួយភាគីឡាវ ចលនានៃការដឹកជញ្ជូនទំនិញក្នុងអំឡុងពេលនៃបញ្ហាប្រឈមពីជំងឺកូវីដ-១៩ និង ស្ថានភាពនៃភ្ញៀវទេសចរធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក៏ដូចជាចង្វាក់ទេសចរណ៍ពីឡាវមកកម្ពុជា និងពីកម្ពុជា ទៅឡាវផងដែរ៕