(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបានទាហានថៃ ឃាត់ខ្លួនក្រោយលួចឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់ចូលប្រទេសថៃ តាមរថយន្ត នាព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២០។
សមត្ថកិច្ចកម្ពុជាបានឱ្យដឹងថា កម្លាំងទាហានការពារព្រំដែនថៃ ប្រចាំស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ បានឃាត់រថយន្តម៉ាកនីសាន់ ១គ្រឿង ពាក់ស្លាកលេខ២៤៤៧ ឈុនបុរី បេីកដោយបុរសជនជាតិខ្មែរ មានឈ្មោះ យ៉ឹង បូរី ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាផូ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រោយពីសមត្ថកិច្ចថៃ បានឆែកឆេរក្នុងរថយន្ត រកឃើញប្រជាពលរដ្ឋខ្មែរ ចំនួន៤នាក់ មិនមានប្រវត្តិចេញចូលប្រទេសថៃ និងមិនមានឯកសារពាក់ព័ន្ធ ភ្លាមៗនោះអាជ្ញាធរថៃ បានបញ្ជូនជនជាតិខ្មែរទាំង៥នាក់នេះ ទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍អារញ្ញប្រាថេត ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់។
បើតាមការអះអាង របស់ប្រជាពលករខ្មែរទាំង៤នាក់ បានឱ្យដឹងថា «ដោយសារក្នុងសម័យកូវីដ-១៩នេះ ពួកគេគ្មានការងារធ្វើ ហើយ ក្នុងគ្រួសារជួបប្រទះការខ្វះខាត ទើបបបួលគ្នាបង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ឆ្លងដែនខុសច្បាប់បើមិនជោគជ័យ តាមបំណងប្រឈមនឹងគេចាប់បញ្ជូនត្រឡប់មកវិញ ក៏ដោយក៏នៅតែប្រថុយក្រែងបានសុខដឹងអីខកបំណង ដដែលអស់ទាំងប្រាក់ខាតទាំងពេលវេលា ត្រូវសមត្ថកិច្ចថៃ ចាប់ដាក់គុកបន្តថែមទៀត»។
ពាក់ព័ន្ធនឹងការលួចឆ្លងដែនខុសច្បាប់នេះដែរ អាជ្ញាធរថៃសូមអំពាវនាវដល់សមត្ថកិច្ចខ្មែរ មេត្តាជួយយកចិត្តទុកដាក់ សហការគ្នាទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់ នៅតាមច្រកព្រំដែន ព្រោះបច្ចុប្បន្ននេះ មានប្រជាពលករខ្មែរជាច្រើនបានចាញ់បោកមេខ្យល់ជាបន្តរបន្ទាប់ ជាដើម៕