(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋនោះ ក្រុមហ៊ុនជីបម៉ុង បានផ្តល់ទីតាំងអគារជាន់ទី៣ នៃផ្សារទំនើប «ជីប ម៉ុង ណូរ៉ូ ម៉ល» ស្ថិតតាមមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជូនក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើជាមជ្ឈមណ្ឌលផ្តល់សេវាចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរយានយន្តផងដែរ។
ពិធីប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលត្រូវបានធ្វើឡើងនៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុង បានថ្លែងក្នុងពិធីនោះ ក្រុមហ៊ុនរបស់លោកផ្តល់ទីតាំងអគារជូនក្រសួងសាធារណការ និងដឹកជញ្ជូនដោយមិនគិតថ្លៃនោះឡើយ។
អ្នកឧកញ៉ា លាង ឃុន បានថ្លែងថា តាមរយៈផ្សារទំនើបរបស់ខ្លួនកណ្តាលរាជធានីភ្នំពេញ នឹងរួមចំណែកជួយផ្តល់សេវាសាធារណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋពីគ្រប់ទិសទី។ អគ្គនាយកក្រុមហ៊ុនដ៏ល្បាញល្បី និងតែងតែចូលរួមកិច្ចអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលរូបនេះ បានចាត់ទុកការផ្តល់ទីតាំងអគារផ្សារទំនើបនេះ ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីនាំមកនូវការផ្តល់សេវាសាធារណៈកាន់តែប្រសើរ។
អ្នកឧកញ៉ា លាង ឃុន បានគូសបញ្ជាក់ដូច្នេះ «ការផ្តល់មណ្ឌលដោយមិនគិតកម្រៃជាការឆ្លុះបញ្ចាំងពីគោលជំហររបស់ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើង និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់យានយន្តគ្រប់ទិសទី»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការផ្តល់សេវាសាធារណៈកាន់តែងាយស្រួល និងកាន់តែកៀកកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ជាបំណងប្រាថ្នាដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុនជីបម៉ុង ផ្តល់ទីតាំងសម្រាប់ផ្តល់សេវាចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរយានយន្តជូនប្រជាពលរដ្ឋ ដែលជាការបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នេះជាកិច្ចសហការដ៏ល្អរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ រដ្ឋមន្ត្រីដែលលេចធ្លោរលើការធ្វើទំនើបកម្មសេវាសាធារណៈ បានគូសបញ្ជាក់ដូច្នេះ «នេះគឺជាសហការល្អរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនសំខាន់ណាស់ គឺរាជរដ្ឋាភិបាលមិនអាចធ្វើអ្វីៗបានតែម្នាក់ឯងទេ លុះត្រាមានការចូលរួមចំណែកពីវិស័យឯកជន។ នេះបង្ហាញពីការស្និទ្ធស្នាល ការទំនាក់ទំនងល្អរវាងផ្នែកឯកជន និងរាជរដ្ឋាភិបាលយើង»។
មិនត្រឹមតែផ្តល់ទីតាំងបង្កើតមជ្ឈមណ្ឌលផ្តល់សេវាចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរយានយន្តជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ក្រុមហ៊ុនជីបម៉ុង តាមរយៈធនាគាររបស់ខ្លួន «ជីបម៉ុងបែង» ក៏បានបើកកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋឱ្យបង់រាល់សេវាសាធារណៈ និងសេវាចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរយានយន្ត ដោយងាយស្រួលថែមទៀតផង។
បើតាមអ្នកឧកញ៉ា លាង ឃុន តាមរយៈកម្មវិធីលើទូរស័ព្ទដៃ (Chip Mong Bank APP) គឺប្រជាពលរដ្ឋអាចធ្វើប្រតិបត្តិការបង់សេវាសាធារណៈទាំងនេះយ៉ាងងាយស្រួល៕