(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ នឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល» នៅវិទ្យាស្ថានជាតិអប់រំ។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងអប់រំ បានបញ្ជាក់ថា ទិវាគ្រូបង្រៀន ០៥ តុលា ប្រារព្ធឡើងក្នុងគោលបំណងបំផុស ឡើងវិញនូវវប្បធម៌ និងប្រពៃណី របស់សិស្សានុសិស្សទាំងអស់ ឲ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀនទូទាំងប្រទេស ដែលពួកគាត់បាន និងកំពុងបំពេញ ការងារជាអ្នកអប់រំ និងជាសិល្បករ ផ្ទេរចំណេះដឹងផងដែរ ឬគ្រូបង្រៀនមួយចំនួនបានចូលនិវត្តន៍ទៅហើយនោះ។
ក្នុងកម្មវិធីនេះ ក៏មានបាឋកថារបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល នៅកម្ពុជា» និងវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន០២គឺ ទី១៖ ដំណើរការបើកសាលារៀនចំណេះទូទៅឡើងវិញ និងការអប់រំឌីជីថល និងទី២៖ ការបង្រៀន និងរៀនតាមប្រព័ន្ធបច្ចេក វិទ្យានៅគ្រឹះស្ថានឧត្តមសិក្សា៕