(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងព្រះរាជសាររបស់ព្រះអង្គបានគូសបញ្ជាក់ថា៖ តំណាងឱ្យប្រជាជននៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ខ្ញុំសូមយកឱកាសនៃការប្រារព្ធខួបអនុស្សាវរីយលើកទី ៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ផ្ញើការអបអរសាទរយ៉ាងស្ម័គ្រស្មោះអស់ពីបេះដូង ជូនចំពោះឯកឧត្ដម, គណបក្សកុម្មុយនិស្ដ, ក្រុមប្រឹក្សារដ្ឋ, កងទ័ពរំដោះប្រជាជនចិន រួមទាំងប្រជាជនដ៏អង់អាច និងអស្ចារ្យបំផុតនៃប្រទេសចិន។

យើងសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ឯកឧត្ដម, រដ្ឋាភិបាល និងប្រជាជនចិនក្នុងការគ្រប់គ្រងជំងឺរាតត្បាត COVID-19 ក៏ដូចជាធ្វើឱ្យការរស់នៅ និងសេដ្ឋកិច្ច ត្រឡប់វិលទៅរកភាពប្រក្រតីវិញយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសដ៏អស្ចារ្យនៃឯកឧត្ដម។ យើងក៏សូមកោតសរសើរផងដែរ នូវការរួមចំណែកយ៉ាងសកម្មរបស់ចិន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងការធានារបស់ឯកឧត្ដមដែលថា នៅពេលវ៉ាក់សាំង COVID-19 អភិវឌ្ឍដោយចិន ទទួលបានជោគជ័យទាំងស្រុង នោះវ៉ាក់សាំងទាំងនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាសកល ហើយនឹងផ្ដល់ឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដោយឈរលើគោលការណ៍អាទិភាព។

ជោគជ័យរបស់ចិនលើគោលនយោបាយ លុបបំបាត់ភាពក្រីក្រនៃប្រជាជននៅតាមជនបទ ដែលស្ថិតនៅក្រោមបន្ទាប់ក្រីក្របច្ចុប្បន្ន និងការកសាងភាពរុងរឿងនៃសង្គមចិន គឺពិតជាគួរឱ្យកោតសរសើរជាទីបំផុត។

ព្រះរាជាណាចក្រកម្ពុជាតែងតែឈរប្រកៀកស្មា ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងគោរពឱ្យបានជាប់ជានិច្ចនូវគោលនយោបាយចិនតែមួយ។ យើងក៏នឹងបន្តគំាទ្រផងដែរ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ឯកឧត្ដម រួមទាំងគំនិតផ្ដូចផ្ដើមនៃការចូលរួមកសាងសហគមន៍មួយ ជាមួយការចែករំលែកអនាគតសម្រាប់មនុស្សជាតិ។

ព្រះមហាក្សត្រីយ៍ដែលជាព្រះមាតា និងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដមសម្រាប់ការទទួលស្វាគមន៍យើង ដើម្បីត្រួតពិនិត្យសុខភាព និងសម្រាកនៅក្នុងប្រទេសចិនគ្រប់ពេលវេលា។ យើងចងចាំជានិច្ចនូវជំនួបលើកដំបូងរបស់ពួកយើង ដែលដូចជាការជួបជុំនៃសមាជិកគ្រួសារតែមួយជាមួយឯកឧត្ដម និងជំទាវទីមួយរបស់ឯកឧត្ដម លោកជំទាវ ប៉េង លីយាន (Peng Liyuan)។ យើងនឹងរក្សាទំនាក់ទំនងមិត្តភាពពិសេសនេះជាមួយឯកឧត្តមឱ្យកាន់តែស៊ីជម្រៅ។

ខ្ញុំសូមជូនពរឯកឧត្ដមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការដឹកនាំសាធារណរដ្ឋប្រជាមានិតចិន ឆ្ពោះទៅកាន់សន្តិភាព ការអភិវឌ្ឍ និងភាពរុងរឿង ដ៏អស្ចារ្យ៕