(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថា ទាំងអភិបាលខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំងអស់មិនបាច់ដល់ អាណត្តិ៤ឆ្នាំបានដក ឬផ្លាស់ចេញពីតំណែងបាននោះទេ បើធ្វើការមិនកើត មានបញ្ហាណាមួយមិនប្រក្រតី លើការបំពេញតួនាទីភារកិច្ច ត្រឹមរយៈពេល៣ខែ ទៅ៦ខែ អាចដកចេញ ឬផ្លាស់ចេញពីតំណែងបានហើយ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកបន្ទាយអំពិល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ប៉ែន កុសល្យ បានបន្ថែមទៀតថា អាណត្តិជាចំនួនលេខទេ បើធ្វើខុស អត់សាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទេ ហើយដឹកនាំអត់រីកចម្រើនបានតំណែងហើយចាំតែកូរ ដើរពើងទ្រូងនោះ នឹងត្រូវផ្លាស់ប្តូរចេញពីតំណែងហើយ មិនបាច់ដល់អាណត្តិនោះទេ។
លោក ប៉ែន កុសល្យ បន្តថា ការផ្លាស់ប្តូរមន្ត្រីនៅពេលនេះ មិនមែនមានកំហុសអីទេ គឺដោយសារពួកគាត់ដល់អាណត្តិត្រូវផ្លាស់ប្តូរហើយ។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យលោកអភិបាលស្រុក ដែលត្រូវប្រកាសចូលកាន់តំណែងនូវថ្ងៃនេះ ត្រូវប្រព្រឹត្តអំពើល្អថែមទៀតរកគំនិតឆ្នៃប្រឌិតដើម្បីអភិវឌ្ឍន៍ កសាងស្រុកបន្ទាយអំពិលឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា អភិបាលស្រុកបន្ទាយអំពិលថ្មី ដែលត្រូវប្រកាសចូលកាន់តំណែងនៅពេលនេះគឺលោក នៅ សំតារារិទ្ធ អតីតអភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕