(ភ្នំពេញ)៖ លោក ម៉ាក្ស ថេរី ភារៈធារី តំណាងឲ្យស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើទស្សនកិច្ចទៅកាន់បណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
នៅក្នុងអំឡុងទស្សនកិច្ចប្រមាណជាង២ម៉ោង លោក ថេរី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារ។ ជាកិច្ចចាប់ផ្តើម លោកឯកអគ្គរដ្ឋទូត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានបរិយាយរៀបរាប់ពិព័រណ៍ ស្តីអំពីព្រះឆាយាលក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ, សម្តេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងរាជវង្សានុវង្ស ដែលតាំងបង្ហាញនៅបណ្ណាល័យសម្តេចម៉ែ។
លោក ឆាំង យុ បានបង្ហាញភ្ញៀវកិត្តិយសនូវបន្ទប់បណ្ណាល័យ រូបថតឯកសារ បណ្ណាល័យសោតទស្សន៍ និងបណ្ណសារឌីជីថលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងបានពិពណ៌នាយ៉ាងពិស្តារ អំពីប្លង់រចនានិងសាវតាររបស់វិទ្យាស្ថានស្ថានស្លឹករឹត ដែលជាស្នាដៃរបស់ស្ថាបត្យករកម្រិតពិភពលោក គឺលោកស្រី ហ្សាហា ហាឌីដ ដែលមានសញ្ជាតិអង់គ្លេសដើមកំណើតអ៉ីរ៉ាក់។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៤ លោកស្រី ហ្សាហា ហាឌីដ នាយកស្ថាបត្យកម្ម ហ្សាហា ហាឌីដ និងលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើសេចក្ដីប្រកាសរួម អំពីកិច្ចសហប្រតិបត្តិការជាមួយស្ថាបត្យកម្មរបស់លោកស្រី ហាឌីដ ក្នុងការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹត ដែលគឺជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីរំឭក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតប្រមាណ ២លាននាក់ នាអំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ស្នាដៃស្ថាបត្យកម្មនានារបស់លោកស្រី ហ្សាហា ហាឌីដ ត្រូវបានពិភពលោកទទួលស្គាល់ និងកោតស្ញប់ស្ញែងយ៉ាងក្រៃលែង។
នៅឆ្នាំ២០១០ និងឆ្នាំ២០១១ ស្នាដៃស្ថាបត្យកម្មរបស់លោកស្រី ទទួលបានពានរង្វាន់ស្ទឺលីង ពីវិទ្យាស្ថានស្ថាបត្យករអង់គ្លេស។ អង្គការយូណេស្កូ បានតាំងគោរម្យងារជូនលោកស្រី ហ្សាហា ហាឌីដ ជា «សិល្បៈករដើម្បីសន្តិភាព»។ សាធារណរដ្ឋបារាំងបានផ្តល់កិត្តិយសដល់ លោកស្រី ហ្សាហា ហាឌីត ជាមួយនឹង មេដាយសិល្បៈនិងអក្សរសាស្ត្រ។
នៅឆ្នាំ២០១២ ម្ចាស់ក្សត្រីយានី អេលីហ្សាប៊ែតទីពីរ បានប្រទានគ្រឿងឥស្សរយយសថ្នាក់ធិបដិន្ទ ដល់លោកស្រី ហ្សាហា ហាឌីដ។ នៅឆ្នាំ២០១៦ មុនពេលទទួលអនិច្ចកម្ម លោកស្រី ហ្សាហា ហាឌីដ គឺជាស្ថាបត្យករស្ត្រីតែមួយរូបគត់ និងដំបូងបំផុតក្នុងរយៈកាលជាង ១៦០ឆ្នាំកន្លងមក ដែលទទួលបានមេដាយរាជមាស ពីស្ថាប័នស្ថាបត្យកម្មរបស់រាជវង្សអង់គ្លេស។
លោក ម៉ាក្ស ថេរី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ចំពោះបណ្ណាល័យសម្តេចម៉ែ ព្រមទាំងការងារចងក្រងឯកសារ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងការងារដែលទាក់ទងនឹងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ជាពិសេសលើប្លង់រចនារបស់វិទ្យាស្ថានស្លឹករឹត ដែលជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកបានចោទជាសំណួរសំខាន់ៗជាច្រើន អំពីដំណើរការចងក្រងឯកសារប្រវត្តិសាស្ត្រ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោក ម៉ាក្ស ថេរី បានចារនូវសំណេរអនុស្សាវរីយ៍ នៅលើសៀវភៅក្រាំងមាសរបស់បណ្ណាល័យសម្តេចម៉ែ មានខ្លឹមសារថា៖ «តំណាងឲ្យស្ថានទូតអង់គ្លេសប្រចាំនៅរាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាលចក្រភពអង់គ្លេស ខ្ញុំសូមថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងការតាំងបង្ហាញនូវពិព័រណ៍ដ៏មានសារៈសំខាន់នេះ។ យើងអាចមានការយល់ដឹងបានច្បាស់លាស់បំផុត នៅពេលដែលយើងសិក្សាអំពីប្រវត្តិសាស្ត្រ។ ខ្ញុំសូមអបអរសាទរចំពោះលោក និងក្រុមការងាររបស់លោក»៕