(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមប្រព័ន្ឋវីដេអូរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និង លោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសបានបន្តទៀតថា កិច្ចប្រជុំបានបង្ហាញនូវសេចក្តីព្រួយបារម្ភអំពីការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផល
ប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះដល់ជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅទូទាំងពិភពលោក។ ក្នុងបរិការណ៍នេះ កិច្ចប្រជុំបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងចក្រភពអង់គ្លេស លើការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងការចែកវ៉ាក់សាំង និងផ្តល់ការព្យាបាលជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវ វត្ថុបំណងប្រសិទ្ធភាព៕
សូមអានសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះដូចខាងក្រោម៖