(ភ្នំពេញ)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្ដេជ្ញាចិត្តគាំទ្រនូវថវិកាជាង ៦លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារកូវីដ១៩។

ជំហរនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំបានបង្ហាញនូវសេចក្តីព្រួយបារម្ភ អំពីការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះដល់ជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅទូទាំងពិភពលោក។ ក្នុងបរិការណ៍នេះ កិច្ចប្រជុំបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងចក្រភពអង់គ្លេស លើការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងការចែកវ៉ាក់សាំង ព្រមទាំងផ្តល់ការព្យាបាលជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវត្ថុបំណងប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាពទទួលបានវ៉ាក់សាំង និងការព្យាបាលស្មើៗគ្នា និងមានតម្លៃសមរម្យ។

«កិច្ចប្រជុំក៏បានស្វាគមន៍ផងដែរ នូវការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសគាំទ្រថវិកាចំនួន ៤,៨លានផោន (ប្រហែល៦,១៦១,៧៦០ដុល្លារអាមេរិក) ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសដដែល។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា កិច្ចប្រជុំក៏បានស្វាគមន៍សេចក្តីប្រកាសរបស់ចក្រភពអង់គ្លេស ចូលរួមចំណែកបរិច្ចាគថវិកាចំនួន ១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រជាយុទ្ធសាស្រ្តនូវថវិកាចំនួន ០,៥លានផោន ដល់លេខាធិការដ្ឋានអាស៊ាន ដើម្បីបង្កើត និងដាក់ចេញនូវគោលនយោបាយនានាប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩។

ប្រទេសសមាជិកអាស៊ានបានលើកទឹកចិត្ត ដល់ចក្រភពអង់គ្លេសឱ្យជួយគាំទ្រ និងចូលរួមចំណែកដល់ការបម្រុងទុកការផ្គត់ផ្គង់វេជ្ជសាស្រ្តក្នុងតំបន់ ដើម្បីជួយឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះតម្រូវការផ្គត់ផ្គង់វេជ្ជសាស្ត្រជាបន្ទាន់។ កិច្ចប្រជុំ ក៏បានពិភាក្សាផងដែរអំពីអាទិភាពផ្សេងៗទៀត នៃវិស័យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចក្រភពអង់គ្លេស ដើម្បីដោះស្រាយការបង្អាក់សង្វាក់ផ្គត់ផ្គង់ គាំទ្រសេដ្ឋកិច្ចសកល តាមរយៈពាណិជ្ជកម្មបើកចំហ សម្រួលកំណើនសេដ្ឋកិច្ចអន្តរជាតិប្រកបដោយបរិយាប័ន្ន និងចីរភាព ស្ដារឡើងវិញនូវទំនុកចិត្តធុរកិច្ច នៅក្នុងតំបន់ និងដើម្បីគាំទ្រការតភ្ជាប់តំបន់។

ក្នុងកំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់កម្ពុជា ចំពោះការស្នើសុំរបស់ចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនារបស់អាស៊ាន និងបញ្ជាក់ថា អាស៊ាន និងចក្រភពអង់គ្លេស នៅតែអាចធ្វើការជាមួយគ្នាបាន ក្នុងអំឡុងពេលកំពុងរង់ចាំការយល់ព្រមលើសំណើ ជាពិសេសទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលមានសារសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន និងចក្រភពអង់គ្លេស។

លោកក៏បានលើកឡើងថា មានសេចក្តីត្រូវការចាំបាច់សម្រាប់អាស៊ាន និងចក្រភពអង់គ្លេស រួមជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតនៃសហគមន៍អន្តរជាតិ ដើម្បីបង្កើតជាសម្ព័ន្ធសកល ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញសុទិដ្ឋិនិយមថា ចក្រភពអង់គ្លេសនឹងរួមចំណែកផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំង ប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីលទ្ធភាពសម្រាប់ភាគីទាំងពីរ ដើម្បីរិះរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនានា ក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិបើកចំហ និងការបង្កើតច្រកធ្វើដំណើរសុវត្ថិភាព សម្រាប់អ្នកជំនួញ ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរពាណិជ្ជកម្ម និងវិនិយោគ រវាងចក្រភពអង់គ្លេស និងតំបន់អាស៊ាន៕