(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានដឹកនំាមន្ត្រីជាន់ខ្ពស់ជាច្រើនរូបចូលរួម និងធ្វើជាវាគ្មិន ក្នុងវេទិកាអាស៉ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព តាមរយៈប្រព័ន្ធវីដេអូ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់៣០ ខែកញ្ញា ឆ្នាំ២០២០ និងរៀបចំដោយក្រសួងសុខាភិបាលកម្ពុជា ហើយមានការគាំទ្រពីមូលនិធិអាស៉ី-អឺរ៉ុប។
ការដឹកនាំមន្ត្រីចូលរួមវេទិកាអាស៉ី-អឺរ៉ុប របស់នាយឧត្តមសេនីយ៍ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអនុញ្ញាតពីសម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងវេទិកាអាស៉ី-អឺរ៉ុប មានវាគ្មិនសំខាន់ៗ ចូលរួមជាតំណាងនៃប្រទេសសមាជិកអាស៉ី-អឺរ៉ុបទាំង៥៣ (៣០ក្នុងសហគមន៍អឺរ៉ុប និង២១ក្នុងសហគមន៍អាស៊ាន) ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ ក្នុងវេទិកានេះដែរ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានធ្វើបទបង្ហាញ ស្តីពីយុទ្ធសាស្ត្រក្នុងការអនុវត្តច្បាប់ ប្រយុទ្ធប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ក្នុងព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា គ.ប.ផ.ក បានអនុវត្តយុទ្ធសាស្ត្រចំនួន៥ ដើម្បីប្រយុទ្ធប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនៅកម្ពុជា រួមមាន៖
១៖ លើកឡើងពីបញ្ហាផលិតផលក្លែងក្លាយជាលក្ខណៈសកល ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ
* កម្រិតជាតិ៖ បង្កើនការយល់ដឹងតាមរយៈ ការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន ការធ្វើយុទ្ធនាការ និងការធ្វើសិក្ខាសាលាជាដើម
* ធ្វើសន្និសីទថ្នាក់តំបន់ ស្តីពីការប្រយុទ្ធប្រឆាំងឱសថ និងផលិតផលក្លែងក្លាយ នៅរាជធានីភ្នំពេញ (៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៨)។ ជាមួយគ្នានេះ ក៏ទទួលបានការគាំទ្រ ពីអង្គការសហប្រជាជាតិ។
២៖ ការជួយសម្រួលឯកសារបណ្តឹងពីគ្រប់មជ្ឈដ្ឋាន
* Hotline ២៤ម៉ោងលើ២៤ម៉ោង
* ជួយសម្រួលការធ្វើពាក្យបណ្តឹង
* Possible Cellphone App កំពុងតែអភិវឌ្ឍន៍ ហើយនឹងត្រូវដាក់ឲ្យដំណើរការនាពេលខាងមុខ ដើម្បីជួយជនរងគ្រោះដែលរងគ្រោះ ដោយសារការប្រើប្រាស់ផលិតផលក្លែងក្លាយ និងបំពេញពាក្យបណ្តឹងទៅកាន់ គ.ប.ផ.ក។
៣៖ ទំនុកចិត្តលើការតេស្តផលិតផលក្លែងក្លាយ
* មន្ត្រីអនុវត្តន៍ច្បាប់ ត្រូវការឧបករណ៍ និងសម្ភារធ្វើតេស្តទំនើបៗ
* កន្លែងពិសោធន៍បានបង្កើតឡើង នៅទីស្តីការក្រសួងមហាផ្ទៃ
* កិច្ចសហប្រតិបត្តិការជាមួយទីពិសោធន៍តំបន់ និងអន្តរជាតិ (Shiseido, Yunnan Yunce Quality Testing, DKSH, Unilever... ជាដើម)
៤៖ បង្កើតទំនុកចិត្តជាមួយបណ្តាវិស័យឯកជន និងសហគមន៍ពាណិជ្ជកម្ម
* គ.ប.ផ.ក ពោរពេញទៅដោយអ្នកជំនាញជាច្រើន ដែលមកពីស្ថាប័នពាក់ព័ន្ធនានា
* ជនសង្ស័យ និងអ្នកចែកចាយផលិតផលក្លែងក្លាយ ត្រូវបានបញ្ជូនទៅកាន់ព្រះរាជអាជ្ញា ដើម្បីបន្តនីតិវិធី
* បទល្មើសតូចតាច តម្រូវឱ្យមានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរ ចំពោះការមិនធ្វើអំពើដដែលៗ
* គ.ប.ផ.ក កំពុងតែមានបំណងផ្តួចផ្តើមការបង្កើតច្បាប់បន្ថែម ស្តីពីបទល្មើសពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ដើម្បីដាក់ទោសឲ្យបានកាន់តែខ្លាំងលើជនល្មើសទាំងនោះ៕