(កំពង់ឆ្នាំង)៖ ប្រធាន និងបុគ្គលិក ក្រុមហ៊ុនអចលនទ្រព្យអិលអូឌី (LOD) សាខានៅខេត្តកំពង់ឆ្នាំង សរុបចំនួន៤នាក់ ត្រូវបានកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្នុងភូមិកំពុងបាស្រូវខាងត្បូង ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យ ដែលត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន មានទី១៖ ឈ្មោះ ហេង គង្គា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនអចលនទ្រព្យអិលអូឌី (LOD) សាខាខេត្តកំពង់ឆ្នាំង រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ទី២៖ វ៉ែន សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរប្រធានមន្ត្រីឥណទាន។
ទី៣៖ ញ៉េស សារីន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ទី៤ ៖ អៀន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ រស់ នៅភូមិ ននាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ចំណែកជនរងគ្រោះមានឈ្មោះ លាង គឹមឈាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យចំនួន ៤នាក់នោះ មានការពាក់ព័ន្ធ នឹងការសំរុកចូលក្នុងផ្ទះកូនបំណុល ដើម្បីរឹបអូសយកម៉ូតូដែលកូនបំណុលបានបង់រំលោះជាមួយនឹងក្រុមហ៊ុនខាងលើនេះមកវិញ ដោយសារតែកូនបំណុលខកខានមិនបានបង់ការប្រាក់អស់រយៈពេល៣ខែ។
ក្នុងការរឹបអូសយកម៉ូតូមួយគ្រឿងពីកូនបំណុល បុគ្គលិក៣នាក់របស់ក្រុមហ៊ុននេះ បានធ្វើសកម្មភាព ដោយបានកាត់សោរច្រវ៉ាក់ ដែលម្ចាស់ម៉ូតូបានចាក់សោរច្រវ៉ាក់ ការពារខ្លាចចោរលួច។ បន្ទាប់ពីកាត់សោរច្រវ៉ាក់ម៉ូតូរួចហើយ ពួកគេក៏នាំគ្នាយកម៉ូតូរបស់កូនបំណុលនោះ យកទៅផ្ញើទុកនៅផ្ទះលោកមេភូមិ។
លោកមេបញ្ជាការបានឲ្យដឹងទៀតថា ករណីដែលបុគ្គលិកអង្គការចូលទៅកាត់សោរច្រវ៉ាក់យកម៉ូតូពីកូនបំណុល គឺដោយមានការបញ្ជាពីមេរបស់ក្រុមហ៊ុនអិលអូឌី នៅខេត្តកំពង់ឆ្នាំង ដោយមិនមានការឯកភាពពីកូនបំណុល និងពីអាជ្ញាធរភូមិឃុំនោះឡើយ ពិសេសមិនមានការអនុញ្ញាត ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងនោះផងដែរ។
ក្រោយកើតហេតុពលរដ្ឋរងគ្រោះដែលជាកូនបំណុល បានរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍។ ជនរងគ្រោះថា ជនសង្ស័យបានរំលោភបំពានចូលក្នុងលំនៅដ្ឋានគាត់ ដោយមិនមានការអនុញ្ញាត ថែមទាំងបានរឹបអូសយកម៉ូតូរបស់គាត់ ១គ្រឿងទៀត ទាំងដែលគ្មានការឯកភាព។
ខណៈនោះដែរបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាកងរាជអាវុធហត្ថ ចុះទៅកាន់ទីតាំងកើតហេតុជាបន្ទាន់ និងបានឃាត់ខ្លួនយុវជន ៣នាក់បានភ្លាមៗផងដែរ និងឈានដល់ការឃាត់ខ្លួនប្រធានក្រុមហ៊ុននៅសាខាខេត្តកំពង់ឆ្នាំងតែម្តង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ រថយន្តចំនួនមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE -1350, ម៉ូតូចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន៦គ្រឿង, ច្រវ៉ាក់ចំនួន២ខ្សែ, ពូថៅ ចំនួន១, កូនសោរចំនួន២, ដែកទីបប្រវែង ១.៦សង់ទីម៉ែត្រចំនួន១។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញរបស់កងអាវុធហត្ថ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕