(ភ្នំពេញ)៖ នៅក្នុងកម្មវិធី «វេទិកាការងារ» នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០៣០នេះ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានសហការជាមួយក្រុមហ៊ុនធំៗចំនួន៤ ជាលទ្ធផលឃើញថា មានសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារធ្វើ បានមកដាក់ពាក្យ និងសម្ភាសផ្ទាល់ ចំនួន ៣៧៦នាក់ (ស្រី ២៥៥នាក់) ដែលក្នុងនោះ បេក្ខជនចំនួន ១៧នាក់ជាប់ជាស្ថាពរ និង ១៤៨នាក់ទៀតជាប់បឋមជាមួយក្រុមហ៊ុនទាំង៥។

ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន Manulife (Cambodia) PLC, ក្រុមហ៊ុន Cambrew Co.,Ltd, ធនាគារ ស្ថាបនា, DFI LUCKY PRIVATE LIMITED, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន។

ដោយឡែក បេក្ខជនដែលមិនទាន់បានសម្ភាសហើយ ឬមិនទាន់បានមកចូលរួមថ្ងៃនេះ អាចមកសម្ភាសការងារបន្តទៀត ជាមួយផ្សារទំនើបឡាក់គី នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួរបញ្ជាក់ផងដែរថា កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ) ៕